ខេត្តសៀមរាប៖បុរសជាប្ដីស្រវឹងស្រាបានកាប់សម្លាប់ប្រពន្ធរបស់ខ្លួនបណ្ដាកឲ្យស្លាប់យ៉ាងអាណោចអាធម៌។
ហេតុការណ៍បានកើតឡើងវេលាម៉ោង០៤រសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ចខេត្តសៀមរាបបានថ្លែងប្រាប់ អង្គភាពសៀមរាបប៉ុស្ដិ៍ នៅព្រឹកនេះថាករណីឃាតកម្មនេះបង្កដោយជនសង្ស័យមានឈ្មោះ ឆែម ទក់ ភេទប្រុសអាយុ ៣២ឆ្នាំបានធ្វើសកម្មភាពយកពូថៅកាប់ទៅលើប្រពន្ធរបស់ខ្លួន មានឈ្មោះ សាន់ ចាន់ អាយុ២៧ឆ្នាំ រស់នៅជាមួយគ្នា ត្រូវចំនួន២ពូថៅ(ចំខាងក្រោយក្បាលនិងក្រោមត្រចៀកខាងឆ្វេង១ពូថៅ)បណ្តាលអោយស្លាប់នៅចំណុចកើតហេតុ។
សមត្ថកិច្ចបានបន្តថាក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានរត់ចេញពី ក្នុងផ្ទះមកក្រៅ ហើយបានជួប និងឈ្មោះម៉ុន នៅផ្ទះក្បែរគ្នា ក៏បានយាពូថៅកាប់ទៅលើឈ្មោះ ម៉ុន តែគេចផុតក៏ត្រូវចំករឈ្មោះ ខៀន សុខាន់ ភេទស្រី អាយុ៣០ឆ្នាំ ១ពូថៅបណ្ដាលអោយ(របួសធ្ងន់) ភ្លាមនោះ ឈ្មោះ ខៀន ឆាត ភេទប្រុសអាយុ៣៤ឆ្នាំបានស្ទុះទៅជួយ ប្អូនស្រី ក៏ត្រូវជនសង្ស័យ កាប់ត្រូវដៃ ខាងឆ្វេង១ពូថៅ ទៀតបណ្ដាលអោយ (របួស)ហើយក្រោយ ជនសង្ស័យបានរត់គេចខ្លួន ទៅទិសខាងត្បូងផ្ទះរបស់ខ្លួនបាត់ ដោយមានដៃកាន់ពូថៅ ទៅជាមួយផងដែរ។
ចំណែកជនរងគ្រោះ ដែលមានរបួសទាំងពីរ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប។ បើតាមសមត្ថកិច្ចថាករណីនេះមូលហេតុគឺបណ្តាលមកពីជនបង្កស្រវឹងស្រា និងមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធ។ ទោះជាយ៉ាងណាសមត្ថកិច្ចកំពុងស្រាវជ្រាវតាមរកជនសង្សយ័ដើម្បីយកមកអនុវត្តន៏តាមច្បាប់៕SRP