ខឹងមេព្រៃចាប់ឈើ មេឈ្មួញឈ្មោះធួក ចាក់សាំងដុតរំដោះយករថយន្ត

ខេត្តកំពង់ធំ៖ទំនងខឹងឈ្មួញឈើឈ្មោះធួក និង បក្សពួកបាននាំគ្នារើឈើទម្លាក់ចេញពីលើឡាន ហើយយកសាំងចាក់ដុតបំភ័យសមត្ថកិច្ច រំដោះរថយន្តចេញបាត់។

ហេតតុការណ៍បានកើតឡើងនៅរសៀលថ្ងៃទី ១៨ កញ្ញា ២០២១ត្រង់ចំណុចភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

ការបង្ក្រាបនេះធ្វើឡើងដោយរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ក្រោមបញ្ជារបស់ លោក តិប ញាតា សហការជាមួយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម រួមជាមួយសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង ក្រោមការសម្របសម្រួលដោយលោក សាយ វាសនាព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។

ប្រភពបានឲ្យដឹងថារថយន្តដែលសមត្ថកិច្ចមេព្រៃបង្ក្រាបប្រភេទរថយន្តកូរ៉េ ៣តោន ដឹកប្រភេទឈើចម្រុះ ចេញពីតំបន់ព្រៃអង់តែន ជាឈើមិនគ្រប់អាយុដែលរដ្ឋបាលព្រៃឈើហាមឃាត់។

ករណីនេះវត្ថុតាងត្រូវបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម។ ដោយឡែករថយន្តត្រូវបានជនល្មើសឈ្មោះធួក និង បក្សពួក បើករត់គេចបាត់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងដើម្បីស្វែងរករថយន្តនិងបុគ្គលឈ្មោះ ធួក ព្រមទាំងបក្សពួកយកមកចំណាត់ការបន្តតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថាឈ្មោះធួក ជាឈ្មួញរកស៊ីដឹកជញ្ជូនឈើជាច្រើនឆ្នាំមកហើយនៅភូមិសាស្ត្រខាងលើ កម្រសមត្ថកិច្ចបង្ក្រាបបាននោះឡើយ៕SRP