ខេត្តកំពង់ចាម៖ក្រុមមន្ត្រីអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរសត្វ និងផលិតផលមានដើមកំណើតពីសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលមន្ទីរកសិកម្មខេត្តកំពង់ចាម បានចាប់រថយន្ត១គ្រឿង ដឹកប្រហិតជិត ២០តោន នាំចូលពីប្រទេសថៃ។
ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
មន្ត្រីជំនាញបានឲ្យដឹងថារថយន្តដឹកប្រហិតម៉ាក HYUNDAI ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ២០តោន(V1) ពាក់ស្លាកលេខកំពង់ចាម ៣A ៩៩៨៣ បានដឹកផលិតផលកែច្នៃពីសត្វ (ប្រហិត)ចំនួនសរុប១៨,៤៥៤គីឡូក្រាម ( ហតដកសាច់ក្ដាម៧,៥០៤គីឡូក្រាម និងហតដកសាច់មាន់១០,៩៥០គីឡូក្រាម)។
មន្ត្រីបានបន្តថារថយន្តខាងលើនេះបាននាំចូលផលិតផលមានដើមកំណើតពីសត្វ(ប្រហិត) មកពីប្រទេសថៃ តាមច្រកអូរស្មាច់ សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។
បើតាមមន្ត្រីបានបញ្ជាក់ថាវត្ថុតាងបទល្មើសត្រូវបានយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់ឣគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕SRP