លោកអ៊ុន​ ចាន់ដា​៖​ អ្វីដែលកូននិង ក្មួយៗ​ រង់ចាំបានមកដល់ហេីយគឺ​ វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩​

ខេត្តកំពង់ចា៖លោកអ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងក្នុងក្របខណ្ឌ ខេត្តកំពង់ចាម បានថ្លែងថា អ្វីដែលកូនៗ​ ក្មួយៗ​ រង់ចាំបានមកដល់ហេីយគឺ​ វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩​ ក្តីសង្ឃឹមរបស់កុមារ និងយុវ័យ គឺការទទួលបានវ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ដើម្បីមានឱកាសបានចូលសាលារៀនវិញ។

ថ្លែងយ៉ាងដូច្នេះក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅទូទាំងខេត្តកំពង់ចាម នៅព្រឹកមិញនេះ។

លោកអ៊ុន ចាន់ដា បាន​ថ្លែង​ថា​ យុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់កុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នាពេលនេះ សបញ្ជាក់អំពី ការយកចិត្តទុកដាក់ខ្ពស់ របស់​សម្តេច​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ មកលើចៅៗ កុមារ ដើម្បីជំរុញ​ឲ្យ​មានការបើកសាលាបឋមសិក្សាឡើងវិញ នាពេលខាងមុខ ខណៈពេលដែល កុមារ អាយុចាប់ពី ១២ឆ្នាំ រហូតដល់ ១៨ឆ្នាំ បាននឹងកំពុងតែបន្តចាក់វ៉ាក់សាំងដូសបន្ត ហើយឈានទៅដល់ការបើកសាលាអនុវិទ្យាល័យ និងវិទ្យាល័យ ឡើងវិញផងដែរ។ ម្យ៉ាងវិញទៀត រដ្ឋបាលខេត្ត ក៏គ្រោងនឹងបើកឲ្យសិស្សថ្នាក់បឋម ចូលរៀនវិញនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ខាងមុខ ផងដែរ។ ដូច្នេះយុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារ ចាប់ពីអាយុ ៦ ដល់ក្រោម ១២ឆ្នាំ នាពេលនេះ វានឹងអាចបន្ស៊ីទៅនឹងផែនការ បើកឲ្យដំណើរការចូលរៀនឡើងវិញ នៅថ្នាក់កម្រិតបឋម ហើយក្មួយៗ ក៏អាចនឹងឈានចាក់វ៉ាក់សាំងម្ជុលទី ២ និងទទួលបានភាពសាំនៅក្នុងខ្លួន ដើម្បីការពារការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ផងដែរ។

អភិបាលខេត្តកំពង់ចាម បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល និងកុមារ ដែលបានទទួលការចាក់វ៉ាក់សាំង រួចហើយ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បន្តអនុវត្ត តាមការណែនាំ របស់ក្រសួងសុខាភិបាល ការអនុវត្តវិធាន ៣ការពារ​ ៣កុំ​ ដើម្បីជៀសផុតពី​ជំងឺដ៏កាចសាហាវនេះ​។

គួរ​បញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ១០៦.៥០១នាក់ ក្នុងនោះ រដ្ឋបាលខេត្តកំពង់ចាម បានរៀចំទីតាំងចាក់ នៅតាមបណ្តាក្រុង-ស្រុក ចំនួន ២៨កន្លែង។​ ដោយ​បច្ចុប្បន្ននេះ នៅទូទាំងខេត្តកំពង់ចាម សម្រេចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ឆ្នាំឡើង បានចំនួន ៥៧៩.៩៥២នាក់ ស្មើនឹង ៨២,៦៥% និងកុមារមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បានចំនួន ១០៧.៦៩៦នាក់ ស្មើនឹង ៩៧,៥៦%។

ក្នុង​ឱកាស​នោះដែរ លោក អ៊ុន ចាន់ដា អមដំណើរដោយ​មន្ត្រី​ពាក់ព័ន្ធ​ ក៏បានអញ្ជើញពិនិត្យអាគារ សម្រាប់រៀបចំម៉ាស៊ីនផលិតអុកស៊ីសែន ដែលមានទីតាំង ស្ថិតនៅក្នុងមន្ទីរពេទ្យ ខេត្តកំពង់ចាម សម្រាប់បម្រើ​ឲ្យ​ការព្យាបាលជំងឺកូវីដ-១៩ ផងដែរ៕SRP