លោកនេត សាវឿន ប្រាប់ស្នងការថ្មីខេត្តសៀមរាប ថា ដាច់ខាតត្រូវតែធ្វើឲ្យបាន មិនមែនសន្យាចោលនោះទេ

លោកនេត សាវឿន ប្រាប់ស្នងការថ្មីខេត្តសៀមរាប ថា ដាច់ខាតត្រូវតែធ្វើឲ្យបាន  មិនមែនសន្យាចោលនោះទេ

ខេត្តសៀមរាប៖អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានថ្លែងជម្រុញឲ្យស្នងការថ្មីខេត្តសៀមរាប «ត្រូវតែធ្វើឲ្យបាន បើយើងសន្យាហើយ ដាច់ខាតយើងត្រូវតែធ្វើឲ្យបាន មិនមែនសន្យាចោលឡើយ ហើយបើយើងចង់ឲ្យខេត្តសៀមរាប ទទួលបានជោគជ័យនោះ ទាល់តែយើងទាំងអស់គ្នារួមរួមសាមគ្គីគ្នា ទើបសម្រេចបានលទ្ធផលល្អប្រសើរ ជាពិសេស គឺលើការអនុវត្តនៅភូមិឃុំមានសុវត្ថិភាព»។

លោកនេត សាវឿន បានថ្លែងថា ការសន្យាចិត្ត ប្តេជ្ញាចិត្ត គឺជាទ្រឹស្តី ប៉ុន្តែសំខាន់ចាប់ពីពេលនេះទៅយើងត្រូវអនុវត្តជាក់ស្តែង យើងជាបញ្ជាការជាន់ខ្ពស់សម្រាប់ខេត្ត យើងត្រូវចាត់ចែងគ្រប់វិស័យពាក់ព័ន្ធ និង សន្តិសុខសណ្តាប់ធ្នាប់ ត្រូវមានកិច្ចសហការណ៍ល្អ ជាមួយកម្លាំងក្នុងគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង ដើម្បីធ្វើការទាំងអស់នោះ ឲ្យបានជោគជ័យយើងមិនអាចធ្វើការម្នាក់ឯងបាននោះឡើយ។

លោកនេត សាវឿន ថ្លែងប្រាប់ស្នងការថ្មីនៅខេត្តសៀមរាប យ៉ាងដូច្នេះ នៅថ្ងៃទី១៣ ខែកញ្ញា ម្សិលមិញ ក្នុងឱកាស ប្រកាសលោកតេង ច័ន្ទណាត អត្តលេខ ៦៥២១២ ស្នងការរងឲ្យចូលកាន់តំណែងជាស្នងការ ជំនួសលោកទិត្យ ណារ៉ុង៕SRP