ករណីរំលោភយកដីផ្លូវ ធ្វើជាកម្មសិទ្ធិ អាជ្ញាធរប៉ោយប៉ែត មិនទាន់ដោះស្រាយបញ្ចប់

ករណីរំលោភយកដីផ្លូវ ធ្វើជាកម្មសិទ្ធិ អាជ្ញាធរប៉ោយប៉ែត មិនទាន់ដោះស្រាយបញ្ចប់

ខេត្តបន្ទាយមានជ័យ៖ករណីឃុបឃិតគ្នារំលោភយកដីផ្លូវ២០ម៉ែត្រគុណនិងបណ្តោយ៣០ម៉ែត្រ នៅភូមិអូរឬស្សីសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ធ្វើជាកម្មសិទ្ធិ រហូតមកដល់ពេលនេះអាជ្ញាធរនៅមិនទាន់ដោះស្រាយបានជូនប្រជាពលរដ្ឋនៅឡើយ។

អាជ្ញាធរក្រុងប៉ោយប៉ែត និងមន្ត្រីសង្កាត់ផ្សារកណ្ដាលរួមនឹងលោកមេភូមិ អនុភូមិអូរឬស្សីសង្កាត់ផ្សារកណ្ដាល កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានហៅប្រជាពលរដ្ឋ ដែលជាប់ពាក់ព័ន្ធនិងការប្រើប្រាស់ផ្លូវ មកទីស្នាក់ការភូមិអូរឬស្សី ដើម្បីមកធ្វើការដោះស្រាយគ្នា ពីបញ្ហាការបិទផ្លូវដែលមានស្រាប់មិន ឱ្យប្រជាពលរដ្ឋធ្វើដំណើរជាច្រើនឆ្នាំកន្លងមក។

កិច្ចប្រជុំដោះស្រាយនេះ នៅទីស្នាក់ការភូមិអូរឬស្សី ដោយមានវត្តមានលោកកែវ ដារ៉ារស្មី អភិបាលរងក្រុងប៉ោយប៉ែតលោករស់ វណ្ណា ជំទប់ទី២សង្កាត់ផ្សារកណ្ដាល លោកសាំង ឃឺន មេភូមិអូរឬស្សី លោកកង វាសនា អនុភូមិអូរឬស្សីលោកធាប គឹមសាង និងប្រជាពលរដ្ឋប្រើប្រាស់ផ្លូវចំនួន៤នាក់ផងដែរ។

ប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ លោកសាំង ឃឺន មេភូមិអូរឬស្សី បានឡើងគូសវាសផ្លូវនៅលើក្តារខៀនអះអាងតែម្នាក់ឯង ដោយមិនមានអំណេះអំណាងនិងការទទួលស្គាល់ជាផ្លូវការ ពីនរណាម្នាក់ឡើយ។ ក្នុងនោះលោកមេ ភូមិ រូបនេះ ប្រាប់ប្រជាពលរដ្ឋថា ករណីបិទផ្លូវខាងលើនោះ គឺឱ្យតែ៤ម៉ែត្រតែប៉ុណ្ណោះក្នុងការបើកផ្លូវឡើងវិញ។

ចំណែក លោកកែវ ដារ៉ារស្មី អភិបាលរងក្រុងប៉ោយប៉ែត បានលើកឡើងថា ក្នុងនាមរដ្ឋបាលក្រុងប៉ោយប៉ែត លោកប្រគល់បញ្ហានេះឲ្យទៅលោកមេភូមិអនុភូមិ ដោះស្រាយជាមួយភាគី ដែលអះអាងថាខ្លួនជាម្ចាស់ដីនិងប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធដើម្បីធ្វើការពិភាក្សាគ្នា។

គួរបញ្ជាក់ថាប្រជាពលរដ្ឋប្រមាណជាង២០ គ្រួសារមានទីលំនៅភូមិអូឬស្សី សង្កាត់ផ្សារកណ្ដាល បានស្នើសុំដល់អាជ្ញាធរក្រុងប៉ោយប៉ែត ជួយបើកផ្លូវចាស់ ឲ្យពួកគាត់អាចធ្វើដំណើរឡើងវិញ។

ការស្នើសុំដោយសារពួកគាត់ជាង ២០ គ្រួសារ បានដាក់ពាក្យបណ្ដឹងនិងលិខិតអន្តរាគមន៍ ជាច្រើនលើក មកហើយដើម្បីស្នើសុំ ឲ្យអាជ្ញាធរក្រុងប៉ោយប៉ែត ជួយអន្តរាគមន៍បើកផ្លូវ ដែលមានស្រាប់ មានទទឹង ២០ម៉ែត្រគុណនឹងបណ្ដោយ ៣០ ម៉ែត្រ តភ្ជាប់ទៅផ្លូវក្រុងលេខ៥០ ស្ថិតនៅក្នុងភូមិអូរឫស្សីសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពបានឲ្យដឹងថាករណីនេះដោយសារតែមានបុគ្គលបានរំលោភយកធ្វើជាកម្មសិទ្ធិ នៅក្នុងកំឡុងឆ្នាំ ២០០៩ រហូតមកដល់ពេលនេះ មានរយៈពេល១២ ឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរក្រុងប៉ោយប៉ែត បានត្រឹមតែសន្យា ជួយរកដំណោះស្រាយ ប៉ុណ្ណោះ។

លោកតា គឹម ហ៊ាន មានវ័យ៧០ ឆ្នាំមានទីលំនៅភូមិអូរឬស្សី សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតតំណាងឲ្យប្រជាពលរដ្ឋទាំង២០ គ្រួសារបានលើកឡើងថា ពួកគាត់កើតទុក្ខមិនសុខចិត្តចំពោះបុគ្គលចំនួនពីរនាក់ ទី១ ឈ្មោះធាប គឹមសាង អតីតមេភូមិអូរឬស្សីចាស់ និងបច្ចុប្បន្នជានាយសាលាបឋមសិក្សាអូរឫស្សីលើ មានទីលំនៅភូមិអូរឬស្សី សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ទី២ឈ្មោះលីវ អ៊ីធី ភេទប្រុសអាយុ៤៧ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ។ ដោយបុគ្គលទាំងពីរនាក់នេះ ឃុបឃិតគ្នាធ្វើលិខិត ទិញលក់ នៅលើដីផ្លូវសាធារណៈរបស់រដ្ឋដើម្បីយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ករណីអាចមានការឃុបឃិតគ្នាពីអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ និងក្រុងប៉ោយប៉ែត ចាស់ផងដែរ៕SRP