អាជ្ញាធរខេត្តកំពង់ចាម​ បានចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ​ សម្រេចជាង៨២%

ខេត្តកំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាម​ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនពលរដ្ឋ សម្រេចបានជាង៨២%ហើយ។

អាជ្ញាធរបានឲ្យដឹងថាលទ្ធផលការចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ របស់រដ្ឋបាលខេត្តកំពង់ចាម​ ចាប់​គិតពីថ្ងៃទី​១​ ខែមិនា​ ​ឆ្នាំ​២០២១ រហូតមកដល់​ពេលនេះ នៅទូទាំងខេត្ត សម្រេច​ចាក់វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ-១៩ ជូនប្រជាពលរដ្ឋបានចំនួន ៦៧២,៥១៥នាក់ ស្មើនឹង ៨២.៨០% នៃផែនការគ្រោង ប្រមាណជា ៨១២.១៣២នាក់។​ ក្នុងនោះ​ប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង នៅទូទាំងខេត្ត ដែល​ត្រូវ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ មាន​ចំនួន​ ៧០១,៧៣៨នាក់​ ក្នុងនោះ​ចាក់ដូសទី១​ រួចបាន ចំនួន ៣៨៨,៣៩២នាក់​ ស្មេីនឹង៥៥.៣៥%​ និង​ដូសទី២​ បានចំនួន​ ៣៥៤,០២៨នាក់​ ​ស្មេីនឹង៥០.៤៥%​។ ចំពោះ កុមារ និងយុវវ័យ​អាយុ​១២ ដល់ ១៨ឆ្នាំ ដែល​ត្រូវ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ មាន​ចំនួន​ ១១០,៣៩៤នាក់​ ក្នុងនោះ​ចាក់​​ដូសទី១ រួចបាន​ ចំនួន​ ១០៦,៦០៥នាក់​ ស្មើនឹង​៩៦.៥៧%​ និង​ដូសទី២​ បានចំនួន​ ៨០,៦៩៧នាក់​ ស្មើនឹង​៧៣.១០%​។

អាជ្ញាធរបានបញ្ជាក់ផងដែរថានឹងសម្រេចបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ និងប្រជាពលរដ្ឋ អាយុពី១២ឆ្នាំឡើង នៅទូទាំងខេត្ត និងបើកដំណើរការជាអចិន្ត្រៃយ៍ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាម មន្ទីរពេទ្យបង្អែកទាំង០៩កន្លែង ក្នុងខេត្តកំពង់ចាម ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ​។

សូមជម្រាបថានៅព្រឹកមិញនេះលោមហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម រួមនឹងសមាជិករដ្ឋសភា -ព្រឹទ្ធសភា បាន​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ អាស្រ្តាហ្សេនីកា (Astrazeneca) ដូសទី៣ ឬដូសជំរុញ នៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួម ពីលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នឹង​មន្ត្រី​ពាក់ព័ន្ធ​ ជាច្រើនរូបទៀត៕SRP