ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យអ្នកបើកម៉ូតូស្លាប់ ឃាត់ខ្លួនកម្មករម្នាក់ ឯតៃកុងរថយន្តរត់បាត់ស្រមោល

ខេត្តសៀមរាប៖ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់ កាលពីយប់មិញសមត្ថកិច្ចបានឃាត់ខ្លួនកម្មករម្នាក់ ចំណែកឯតៃកុងរថយន្តត្រូវបានរត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីបង្កហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ហួត សំរិទ្ធ ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិអន្លង់២ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ត សៀមរាប ជិះម៉ូតូម៉ាកហុងដា ពាក់ស្លាកលេខ ១V.៧០៨១ សេរី០១៦ ពណ៌ខ្មៅ បើកបរទិសខាងលិចទៅកើត នៅលើផ្លូវជាតិលេខ៦។ ចំណែករថយន្តបង្កប្រភេទកាត់ត ដឹកទំនិញពាក់ស្លាកលេខ សៀមរាប ២B ៦១៧៦ ក្បាលពណ៌ស បើកបរក្នុងទិសដៅពីកើត មកលិច បញ្ច្រាស់ទិសគ្នា ដោយតៃកុងចុះគេចខ្លួនបាត់បន្សល់ទុកកម្មករម្នាក់ ឈ្មោះ ឃឹម ឡោះ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិក្រពើ ឃុំ បល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ អ្នកបើករថយន្ត ខ្វះការប្រុងប្រយ័ត្ន ឡើងវ៉ា រថយន្តមួយគ្រឿង ខណៈមេឃកំពុងភ្លៀង មិនផុតក៏ជ្រុល បុកម៉ូតូពេញទំហឹងបណ្តាលឱ្យស្លាប់តែម្ដង ហើយម៉ូតូក៏ខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង៨យប់ថ្ងៃទី ១០ ខែកញ្ញាឆ្នាំ ២០២១ នៅលើដងផ្លូវជាតិលេខ៦ ខាងលិចក្បែរភោជនីយដ្ឋានអាប៉ូឡូប្លាហ្សា ខេត្តសៀមរាប៕SRP