ភ្នំពេញ៖ប្រជាពលរដ្ឋដែលមានកង្វល់របស់ខ្លួន អាចខមិនចូលទៅក្នុងទំព័រផេកហ្វេសប៊ុកផ្លូវការរបស់ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីក្រុមការងារតាមដានហ្វេសប៊ុករបស់សម្ដេចឆ្លើយតបនិងធ្វើការដោះស្រាយជូន។
សម្ដេច ស ខេង នៅព្រឹកនេះបានលើកឡើងថា៖ លទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២១ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់សម្ដេច។
សម្ដេច ស ខេង បានបន្តថានៅក្នុងខែសីហា ឆ្នាំ២០២១នេះ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំបានទទួលសំណូមពរ និងសំណួររបស់ប្រជាពរដ្ឋ ដែលស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃគឺមានចំនួន ១៦២គណនី និងបានឆ្លើយតបនិងដោះស្រាយមានចំនួន៧២គណនី ក្រៅពីនោះគឺស្ថិតក្នុងដំណាក់កាលកំពុងដំណើរការដោះស្រាយ និងមានបងប្អូនដែលបានសំណូមពរ និងសំណួរ និងបញ្ហានានាខុសសមត្ថកិច្ច ក្រសួងមហាផ្ទៃ ជាច្រើនទៀត។
សម្ដេច បានបន្ថែមថា វឌ្ឍនភាពការងារនេះ អាចសម្រេចបានដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ នៅពេលប្រឈមមុខនឹងបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ក៏ដោយ។ ជាមួយគ្នានេះ ខ្ញុំសូមថ្លែងអំណរគុណបងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំតាមរយៈទំព័រហ្វេសប៊ុកដើម្បីយើងរួមគ្នាដោះស្រាយនូវបញ្ហានានា និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើងឱ្យកាន់តែរីកចំរើន។ ខ្ញុំក៏សូមយកឱកាសនេះ ស្នើសុំការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕SR
«សម្ដេច ស ខេង ចុះជួបពលរដ្ឋ នៅតាមមូលដ្ឋានកន្លងមក»

