ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាបបានអះអាងថា៖ស្ថានភាពកូវីដ-១៩ ក្នុងខេត្តសៀមរាបយើងកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ការអះអាងធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់លោក។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា អាជ្ញាធរខេត្តពិតជាមិនចង់ដាក់ចេញនូវវិធានការដើម្បីទប់ស្កាត់ការរីករាលដាលនោះទេ តែដោយហេតុថាបងប្អូនប្រជាពលរដ្ឋ អាជីវករ មួយចំនួននៅតែមិនអនុវត្តវិធានរបស់សុខាភិបាល អោយបានខ្ជាប់ខ្ជួន ទើបរដ្ឋបាលខេត្ត បានសម្រេចដាក់ចេញ៖ បម្រាមគោចរ, កំណត់តំបន់លឿងទុំ និងអនុវត្តការផាកពិន័យ ទៅលើបងប្អូនប្រជាពលរដ្ឋ នៅតាមទីសាធារណៈ។
លោកទៀ សីហា បន្តថក្នុងកាលៈទេសៈដ៏លំបាកនេះ ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ អាជីវករគ្រប់ប្រភេទនឹងយោគយល់ រួមគ្នាអនុវត្តវិធានសុខាភិបាល អោយបានគ្រប់ៗគ្នា យើងនឹងការពារបាន និងអាចកាត់បន្ថយនៃការចម្លងក៏កាន់តែមានប្រសិទ្ធភាព។
សូមជម្រាបថាអាជ្ញាធរខេត្តសៀមរាប បានសម្រេចដាក់ចេញនូវវិធានការរដ្ឋបាលបណ្ដោះអាសន្នសម្រាប់បម្រាមគោចរ រយៈពេល១៤ថ្ងៃទៀត នៅភូមិសាស្ត្រខេត្តសៀមរាប ដើម្បីទប់ស្កាត់ទំងឺកូវីដ១៩។ សេចក្ដីសម្រេចវិធានការបម្រាមគោចរ នេះធ្វើឡើងនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ចុះហត្ថលេខាដោយលោកទៀ សីហា អភិបាលខេត្តសៀមរាប៕SRP

