ក្រុមឈ្មួញដឹកជញ្ជូន គ្រឿងក្នុងជ្រូក មាន់និងប្រហិត មកពីថៃ ចូលតាមច្រកបឹងត្រកួន​ តាមអំពើចិត្ត

ខេត្តបន្ទាយមានជ័យ៖មានការលើកឡើងថាក្រុមឈ្មួញនៅតែអាចដឹកជញ្ជូនគ្រឿងក្នុងជ្រូក គ្រឿងក្នុងមាន់ ស្លាបមាន់ និងប្រហិត មកពីប្រទេសថៃ ចូលមកកម្ពុជាតាមច្រកបឹងត្រកួន បានដោយរលូនមិនមានការទប់ស្កាត់ពីស្ថាប័នគយនោះទេ។

ជាក់ស្ដែងរថយន្ត២គ្រឿងលួចដឹកសាច់ជ្រូក.ស្លាបមាន់.គ្រឿងក្នុងមាន់ និងប្រហិតចម្រុះចំនួន៣តោនដឹកចេញពីប្រទេសថៃ ចូលមកតាមច្រកបឹងត្រកួនយកមកលក់ចែកចាយក្នុងទីផ្សារក្នុងខេត្តបន្ទាយមានជ័យត្រូវសមត្ថកិច្ចបង្ក្រាបបាននៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចច្រកព្រំដែនបឹងត្រកួន ភូមិបន្ទាយមានរិទ្ធ ឃុំគោគរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ប្រភពពីខេត្តបន្ទាយមានជ័យបានឲ្យដឹងថារថយន្តដឹកទំនិញមកពីប្រទេសថៃ ម៉ាក ISUZU ពណ៌ស ជាប្រភទរថយន្ត Pickup ពាក់ស្លាកលេខ Thailand ក្រោយពីបានឆែកឆេររកឃើញ សាច់សត្វជ្រូក, ស្លាបមាន់, គ្រឿងក្នុងមាន់ និងប្រហិតចម្រុះ ចំនួន៣តោន ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។ វត្ថុតាងត្រូវបានយកទៅរក្សាទុកនៅមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

សូមជម្រាបថារថយន្តដែលដឹកគ្រឿងក្នុងមកពីប្រទេសថៃខាងលើ គឺជារបស់ក្រុមឈ្មួញរកស៊ីនៅច្រកប៉ោយប៉ែត ប៉ុន្តែពួកគេបានប្ដូរទិសដៅទៅរកស៊ីដល់ច្រកបឹងត្រកួនវិញម្តង។ ការរកស៊ីដឹកជញ្ជូនពីសំណាក់ក្រុមឈ្មួញបែបនេះ បានធ្វើឡើងជាច្រើនលើកមកហើយមិនដែលមានជំនាញណាធ្វើការបង្ក្រាបនោះទេ ជាពិសេសស្ថាប័នគយច្រកបឹងត្រកួន ត្រូវបានគេសង្ស័យថាបានឃុបឃិតគ្នា ជាមួយក្រុមឈ្មួញឲ្យមានការដឹកសាច់សត្វជ្រូក, ស្លាបមាន់, គ្រឿងក្នុងមាន់ និងប្រហិត មកពីប្រទេសថៃ យ៉ាងអនាធិបតេយ្យ ក្នុងនោះក៏មានការដឹកជញ្ជូនទំនិញជាច្រើនមុខទៀតផងដែរ៕SRP