ក្រុមហ៊ុនទទួលបានសិទ្ធិ «រុករករ៉ែមាសនៅតំបន់សំពៅលូន» អភិបាលខេត្តត្បូងឃ្មុំ ប្រាប់ឲ្យដោះស្រាយ ផលប៉ះពាល់ ជូនប្រជាពលរដ្ឋ

ខេត្តត្បូងឃ្មុំ៖ក្រុមហ៊ុន រ៉ុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត ជាក្រុមហ៊ុនរ៉ុករករ៉ែ ខ្នាតធំអន្តរជាតិរបស់ប្រទេស អូស្ត្រាលី ដែលបានរុករ៉ែជាច្រើនប្រទេសមកហើយ ក្នុងនោះមាននៅកម្ពុជា ថៃ ម៉ាឡេស៊ី ជាដើម។ ដោយឡែកនៅកម្ពុជាក្រុមហ៊ុនមានអាជ្ញាប័ណ្ណចំនួន០៧ ក្នុងនោះ០១ជាអាជ្ញាប័ណ្ណអាជីវកម្ម និង០៦ទៀតជាអាជ្ញាប័ណ្ណស្វែងរ៉ុករក បូករួមទាំងខេត្តត្បូងឃ្មុំនេះផងដែរ។ ចំពោះក្រុមហ៊ុនរ៉ុករករ៉ែនេះ បានចាប់ដៃជាមួយរាជរដ្ឋាភិបាល ដោយផ្តល់ផលប្រយោជន៍ ទាំងសងខាង សំខាន់បំផុតផ្តល់ការងារដល់ប្រជាជន ក្នុងសហគមន៍ និងបណ្តុះបណ្តាល។

លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកមិញនេះ បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនរ៉ុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត បន្ទាប់ពីក្រុមហ៊ុននេះទទួលបានសិទ្ធិរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល នៅតំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

លោកជាម ច័ន្ទសោភ័ណ បានស្នើដល់ក្រុមហ៊ុនត្រូវរក្សាចំណុចណាមួយ សម្រាប់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅនិងអាស្រ័យផលក្នុងតំបន់នោះ ដោយធ្វើយ៉ាងណាកុំឲ្យមានការថ្នាំងថ្នាក់ធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋ។

លោកជាម ច័ន្ទសោភ័ណ បានលើកឡើងថា៖ សព្វថ្ងៃមានប្រជាពលរដ្ឋមួយចំនួន បានកំពុងអាស្រ័យផលក្នុងតំបន់នោះ ដោយពួកគាត់ធ្វើសកម្មភាពរ៉ែងជាលក្ខណៈគ្រួសារ ដើម្បីរកប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩នេះ។ ដូច្នេះសូមខាងក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងមេត្តាយោគយល់ និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ឲ្យបានសមរម្យ ។ ក្នុងនោះខាងក្រុមហ៊ុនបើអាចសុំផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងតំបន់នោះ ដើម្បីឲ្យពួកគាត់មានការងារធ្វើចៀសវាងការធ្វើចំណាកស្រុក ទៅរកការងារធ្វើឆ្ងាយឬចេញទៅក្រៅប្រទេសជាដើម។

ពាក់ព័ន្ធករណីនេះ តំណាងក្រុមហ៊ុន រ៉ុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត បានសំណូមពរដល់អាជ្ញាធរខេត្ត ស្រុក មេត្តាផ្តល់កិច្ចសហការ ដើម្បីធ្វើយ៉ាងណា ឲ្យដំណើរការរ៉ុករករ៉ែធ្វើទៅបានរលូន ព្រោះគឺជាផលប្រយោជន៍ទាំងអស់គ្នា ទាំងខាងក្រុមហ៊ុន និងរាជរដ្ឋាភិបាលកម្ពុជា៕SRP