លោក នេត្រ ភក្ត្រា៖ មន្ត្រីឧទ្យានុរក្ស បានដើរតួនាទីដ៏សំខាន់ ក្នុងការពារនិងអភិរក្ស ធនធានធម្មជាតិ

0

ខេត្តកំពង់ឆ្នាំង៖ក្នុងពិធីសំណេះសំណាល និងប្រគល់បណ្ណសរសើរមេត្រីបរិស្ថានដល់មន្ត្រីឧទ្យានុរក្សឆ្នើមនៅមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង នាថ្ងៃទី៨ ខែកញ្ញា ព្រឹកមិញនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា៖ មន្ត្រីឧទ្យានុរក្ស បានដើរតួនាទីដ៏សំខាន់ ក្នុងការពារនិងអភិរក្ស ធនធានធម្មជាតិ។ ដូច្នេះ ហើយក្រសួង បរិស្ថានសូមអរគុណចំពោះមន្ត្រី ឧទ្យានុរក្ស ទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តក្នុង ការបំពេញការងារប្រកបដោយមោទកភាពនេះ។

លោកបានថ្លែងថា មន្ត្រីឧទ្យានុរក្សមិនមែនត្រឹមតែបំពេញការងារតាមតួនាទីភារកិច្ចតាមឯកសណ្ឋាននោះទេ តែបានបំពេញតួនាទីជាឪពុកម្តាយ ជីដូនជីតាការពារធនធានធម្មជាតិ សម្រាប់កូនចៅរាប់ជំនាន់តទៅមុខទៀត។

សូមជម្រាបថា លោកបានប្រគល់ប័ណ្ណសរសើរមេត្រីបរិស្ថាន ដល់មន្ត្រីឧទ្យានុរក្សឆ្នើមចំនួន ៥ រូប ដែលនេះជាការទទួលស្គាល់ពីការបំពេញការងារ ប្រកបដោយ ការទទួលខុសត្រូវនិង វិជ្ជាជីវៈដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ។ លោកក៏បានប្រគល់នូវសម្ភារមួយចំនួន របស់ក្រសួងបរិស្ថាន សម្រាប់បម្រើឱ្យការងារ ចុះល្បាតក្នុងការការពារនិងអភិរក្ស ធនធានធម្មជាតិផងដែរ៕SRP