អាជ្ញាធរណែនាំ ឲ្យសេវាកម្មទេសចរណ៍ ទាំងអស់ ក្នុងខេត្តសៀមរាប អនុវត្តតាមគន្លងថ្មី

0

ខេត្តសៀមរាប៖អាជ្ញាធរបានណែនាំឲ្យសេវាកម្មទេសចរណ៍ ទាំងអស់ ក្នុងខេត្តសៀមរាប ត្រូវអនុវត្តតាមគន្លងថ្មី សម្រាប់ដំណើរការអាជីវកម្មរបស់ខ្លួន។

ការណែនាំធ្វើឡើង នាព្រឹកមិញនេះ នៅរដ្ឋបាលខេត្តសៀមរាប ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីបទដ្ឋានគតិយុត្តបច្ចុប្បន្នភាព វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា សម្រាប់សេវាកម្ម ស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ សហគមន៍-អេកូទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ ក្រោមវត្តមានលោក ពៅ ពិសិដ្ឋ អភិបាលរង ខេត្តសៀមរាប តាមរយៈប្រព័ន្ធរូបភាពនិងសំឡេង Zoom។

កិច្ចប្រជុំនេះបានសម្រេចឲ្យ ១ អាជីវកម្ម សេវាកម្មទេសចរណ៍ និងសហគមន៍ទេសចរណ៍ ដែលកំពុងបើកដំណើរការទាំងអស់ត្រូវប្រត្តិបត្តិការអាជីវកម្មរបស់ខ្លួនឱ្យស្របតាមប្រកាស និងសេចក្តីណែនាំស្តីពីវិធានសុវត្ថិភាពទេសចរណ៍ និងស្តង់ដារអប្បរមា ដែលបានដាក់ចេញដោយក្រសួងទេសចរណ៍។

២ ក្រុមការងារត្រូវចុះផ្សព្វផ្សាយដោយផ្ទាល់ដល់ប្រតិបត្តិករទេសរណ៍ទាំងអស់ក្នុងខេត្តឱ្យយល់ដឹង និងអនុវត្តនូវប្រកាស និងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ ស្របតាម “គន្លងប្រក្រតីភាពថ្មី”។

៣ សម្រាប់រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ត្រូវកំណត់ឱ្យបាននូវសមត្ថភាពផ្ទុកអតិបរមា ដែលអាចទទួលភ្ញៀវក្នុងពេលតែមួយ ដោយអនុលោមតាមស្តង់ដាគម្លាតសុវត្ថិភាព និងត្រូវធ្វើការចុះឈ្មោះភ្ញៀវចូលទស្សនាជាប្រចាំ ជាពិសេសអនុវត្តឱ្យបាននូវការស្កែន QR Code ទប់ស្កាត់កូវីដ-១៩ ។

៤ គ្រប់អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ដែលបើកដំណើរការនឹងទទួលបាននូវឡាប៊ែលបញ្ជាក់ពីសុវត្ថិភាពបន្ទាប់ការចុះវាយតម្លៃរបស់ក្រុមការងារអំពីការអនុវត្តនូវប្រកាស និងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ ស្របតាម “គន្លងប្រក្រតីភាពថ្មី”៕SRP