ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកមិញនេះបានអញ្ជើញចុះពិនិត្យផ្លូវតាមភូមិមួយចំនួន ក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដើម្បីលេីកគម្រោងធ្វើការអភិវឌ្ឍ ជាពិសេស គឺផ្ដោតទៅលើស្ថានភាពផ្លូវ និងប្រព័ន្ធបង្ហូរទឹក។
មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម ឲ្យដឹងថា
ផ្លូវមួយចំនួន ក្នុងសង្កាត់បឹងកុក បច្ចុប្បន្ន កំពុងធ្វើការស្ថាបនា ជាផ្លូវក្រាលបេតុង ដែលមានប្រវែង ប្រមាណជាង ១.៥០០ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹក ផងដែរ។ ក្នុងនោះផ្លូវក្រាលបេតុង ១ខ្សែ ប្រវែងជាង ១.៣០០ម៉ែត្រ ទទឹង ៦ម៉ែត្រ និង ១ខ្សែ ទៀត ប្រវែងជាង ២០០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងត្រូវស្ថាបនាលូរំដោះទឹក ប្រវែងជាង ១.០០០ម៉ែត្រ និងលូ ដែលត្រូវជួសជុល ប្រវែងជាង ៤០០ម៉ែត្រ ដោយគម្រោងផ្លូវទាំង ២ខ្សែនេះ ប្រើប្រាស់ថវិកា ឆ្នាំ២០២២ របស់រដ្ឋបាល ខេត្តកំពង់ចាម។
មន្ត្រីបានបន្តថា ទន្ទឹមនិងការអភិវឌ្ឍផ្លូវ និងលូ កំពុងស្ថាបនានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានចុះពិនិត្យដោយផ្ទាល់ នឹងមានគម្រោង បន្តស្ថាបនាផ្លូវបេតុង បន្ថែមទៀត នៅក្នុងសង្កាត់បឹងកុក នាពេលខាងមុខនេះ៕SRP

