លោក ដួង តារា៖ យើងត្រូវរួមគ្នាបញ្ឈប់ធ្វើរបាយការណ៍ ភូតកុហកសម្តេច  ដើម្បីដោះស្រាយបញ្ហាវិវាទដីធ្លី ជូនប្រជាពលរដ្ឋ ឆាប់ចប់ពិតប្រាកដ

0

ខេត្តសៀមរាប៖លោក ដួង តារា ជំនួយការផ្ទាល់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី​ បានលើកឡើងថា«យើងត្រូវរួមគ្នាបញ្ឈប់ធ្វើរបាយការណ៍ភូតកុហកសម្តេច  ដើម្បីដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋឆាប់ចប់ពិតប្រាកដ។

តាមរយៈផេកហ្វេសប៊ុក របស់លោក ដួង តារា បានសរសេរថា៖ ខ្ញុំចុះខេត្តមួយភ្លែតទៅប្រគល់បណ្ណកម្មសិទ្ធិដីធ្លី( ប្លង់រឹង)ជូនគូភាគីវិវាទ ដែលទទួលបានយុត្តិធម៌ក្រោមដំណោះស្រាយឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ។

សំណេរបានបន្តថា៖យើងត្រូវរួមគ្នាបញ្ឈប់ធ្វើរបាយការណ៍ភូតកុហកសម្តេច  ដើម្បីដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋឆាប់ចប់ពិតប្រាកដ  និងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។

លោក ដួង តារា ត្រូវបានគេដឹងថា ជាមន្ត្រីមួយរូបជំនិតនឹងសម្ដេចតេជោ ហ៊ុន សែន លោកបានធ្វើការដោះស្រាយបញ្ហទំនាស់វិវាទដីធ្លី ក្រៅប្រព័ន្ទតុលាការ ដោយបានទទួលបានជោគជ័យ តាមគោលការ ឈ្នះ ឈ្នះ របស់សម្ដេច ហ៊ុន សែន ក្នុងការរកដំណោះស្រាយជូនគូភាគី។

ជាការកត់សំគាល់ បញ្ហាវិវាទដីធ្លីមួយចំនួន នៅតាមបណ្ដាខេត្តក្រុង បានអូសបន្លាយជាច្រើនឆ្នាំ ប៉ុន្តែដោះស្រាយមិនចេញ ទើបគូភាគីខ្លះ បានធ្វើលិខិតស្នើសុំសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ ដល់ពួកគាត់។ ដូច្នោះទើប លោកដួង តារា បានធ្វើការរកដំណោះស្រាយ ឲ្យគូភាគីទទួលបានឈ្នះទាំងអស់គ្នា តាមគោលការណ៍ ឈ្នះ ឈ្នះ រប​ស់សម្ដេច តេជោ ហ៊ុន សែន៕SRP