លោកសៅ សុខា៖ កម្លាំងអាវុធហត្ថចូលរួមយ៉ាងពេញទំហឹង ជាមួយស្ថាប័នគយ ដើម្បីប្រមូលថវិកាជូនជាតិ

0

ភ្នំពេញ៖កម្លាំងអាវុធហត្ថទូទាំងប្រទេស បាននិងកំពុងចូលរួមយ៉ាងពេញទំហឹង ជាមួយស្ថាប័នគយដើម្បីប្រមូលថវិកាជូនជាតិ លើការអនុវត្តច្បាប់ចំពោះរថយន្ដឯកជន ដែលប្រើប្រាស់ផ្លាកលេខ ខ.ម និង ន.ប តាមបទបញ្ជា នាយករដ្ឋមន្ដ្រី ហ៊ុន សែន។

នេះបើតាមការឲ្យដឹងរបស់អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សៅ សុខា
បានថ្លែងប្រាប់អ្នកសារព័ត៌មាន។

លោកសៅ សុខា បានលើកឡើងថា បទបញ្ជារបស់សម្ដេចហ៊ុន សែន គឺមានរួចជាស្រេចហើយ ក្នុងឱកាសពិធីអបអរសាទរខួបទី២០ នៃការបង្កើតកងទ័ពជើងគោក កាលពីពេលកន្លងទៅ ដែលសម្ដេចតេជោ បានណែនាំឲ្យមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ត្រូវសហការជាមួយស្ថាប័នគយ ដែលជាស្ថាប័នមួយមានតួនាទីប្រមូលចំណូលជូនជាតិ។

លោកសៅ សុខា បានបញ្ជាក់ថា បន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់នេះ លោកក្នុងនាមជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានណែនាំ និងកំពុងតាមដានបន្ដទៀត លើការអនុវត្តរបស់មន្ដ្រីអាវុធហត្ថនៅទូទាំងប្រទេស ជាមួយស្ថាប័នគយ លើការងារអនុវត្តច្បាប់ចំពោះរថយន្ដឯកជន ដែលជ្រកក្រោមផ្លាកលេខ ខ.ម និង ន.ប ដែលមិនបានបង់ពន្ធត្រឹមត្រូវ។

លោកបានលើកឡើងទៀតថា អាវុធហត្ថទាំងអស់ត្រូវតែស្គាល់ឲ្យច្បាស់អំពីតួនាទី និងភារកិច្ចរបស់ខ្លួន លើការងារអប់រំ និងការពារមន្ដ្រីអនុវត្តច្បាប់ គឺមន្ដ្រីគយតែម្ដង។ អ្វីដែលជាចំណុចសំខាន់ ត្រូវបង្ក្រាបភ្លាមៗ ក្នុងករណីមន្ដ្រីណា ឬបុគ្គលណារារាំងការអនុវត្តច្បាប់របស់មន្ដ្រីគយ លើការងារប្រមូលចំណូលនេះ។

លោកសៅ សុខា ក៏បានក្រើនរំលឹកដល់មន្ដ្រីអាវុធហត្ថទាំងអស់ មិនត្រូវភ្លេចនូវតួនាទីចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ កម្លាំងអាវុធហត្ថ ក៏បានចូលរួមបង្ក្រាបបទល្មើសធំៗ មានទាំងបទល្មើសធនធានធម្មជាតិ និងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗជាដើម។

ជាមួយគ្នានេះដែរលោកសៅ សុខា បានរំលឹកនូវពាក្យស្លោករបស់អាវុធហត្ថ គឺ «ប្រទេសត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»។ ក្នុងករណីបុគ្គលអាវុធហត្ថណាប្រព្រឹត្តខុសត្រូវតែបង្ក្រាប និងចាត់វិធានការមុនគេ។

សូមជម្រាបថា ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតមួយ ជម្រាបជូនក្រសួងមហាផ្ទៃក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយកម្មវត្ថុករណីសំណើសុំគោលការណ៍អនុវត្តវិធានការលើការប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូននិងយានយន្តគ្រប់ប្រភេទប្រចាំឆ្នាំ ២០២១ ជាលើកចុងក្រោយ ចំពោះយានយន្តឯកជនដែលជ្រកក្រោមស្លាក ក្រសួងស្ថាប័នរដ្ឋជាពិសេស ស្លាកលេខ ខ.ម និង ន.ប ដើម្បីឲ្យម្ចាស់ចូលខ្លួនមកបំពេញកាតព្ធកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់និងបទប្បញ្ញត្តិ ស្ដីពីគយ។ លិខិតនេះចុះ ថ្ងៃទី ២ខែ កញ្ញាឆ្នាំ ២០២១ ហត្ថលេខាដោយ លោកហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ៕SRP