ខេត្តបាត់ដំបង៖យុវជនម្នាក់បានប្រើអំពើហិង្សា លើម្ដាយបង្កើត ដោយសំឡុតយកលុយទិញគ្រឿងញៀន ត្រូវបានចាប់ខ្លួន។
មន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបងបានបញ្ជាក់ថា ឈ្មោះ ជា គឹមឡេង អាយុ២១ ឆ្នាំ មានទីលំនៅភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង។
មន្ត្រីអាវុធហត្ថបានបន្តថា ការឃាត់ខ្លួនយុវជននេះ តាមបណ្ដឹងឈ្មោះ លី ដាណា (ហៅវណ្ណា) ត្រូវជាម្តាយអាយុ ៤២ឆ្នាំ មុខរបរលក់ដូរមានទីលំនៅភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង។
មន្ត្រីអាវុធហត្ថបានបញ្ជាក់បន្ថែមថា ជនសង្ស័យបានធ្វើសកម្មភាព យកកាំបិតប៉័ងតោភ្ជង់ករ និងវាយជាច្រើនដៃ ធ្វើឱ្យជនរងគ្រោះ ជាម្ដាយដួលទៅនឹងដី ហើយសំឡុតយកប្រាក់ចំនួន ២លានរៀល និងខ្សែកប្លាកទីន ០១ខ្សែ យកលក់ទៅទិញគ្រឿងញៀន។
ទោះជាយ៉ាងណា ក្រោយពីមានហេតុការណ៍ប្រើអំពើហិង្សាបែបនេះ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន ពីបទហិង្សាដោយចេតនា ហើយកសាងសំណុំរឿងទៅតាមនីតិវិធី។
សូមជម្រាបថា ករណីហិង្សានេះ បានកើតឡើង នៅវេលាម៉ោង ១២ និង ៣០នាទីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្សារពូពុយ ស្ថិតនៅភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង៕SRP

