ភ្នំពេញ៖ប្រទេសកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជិត ៩០% ធៀបនឹងចំនួនប្រជាជនគោលដៅ ១០លាននាក់ ហើយការឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ មានការថមថយ ដែលជាសញ្ញាល្អមួយ «អាចនឹងឈានទៅលុបបំបាត់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នាពេលដ៏ខ្លីខាងមុខ»។
សម្តេចហ៊ុន សែន បានប្រកាសថា ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែសម្រេចឲ្យបាន នូវការចាក់វ៉ាក់សាំងជូន ប្រជាជនកម្ពុជា ដែលដល់អាយុត្រូវចាក់ហើយពេទ្យអនុញ្ញាតឱ្យចាក់។
សម្តេចហ៊ុន សែន បានបញ្ជាក់ថា នៅពិភពលោក ក៏ដូចជានៅកម្ពុជា នៅសង្ឃឹមតែលើវ៉ាក់សាំង ហើយយើងបានឃើញសញ្ញានៃការថមថយចុះនៃការឆ្លង តែបើសិនយើងបានចាក់វ៉ាក់សាំងហើយមានការឆ្លង វាមិនរត់ទៅរកស្ថានភាពជំងឺធ្ងន់ធ្ងរ និងការស្លាប់នោះទេ វាអាចកាត់បន្ថយ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅតែជា អគ្គមគ្គុទេសក៍ដ៏ឆ្នើម ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះ និងវិធានការប្រកបដោយប្រសិទ្ធភាព ជាពិសេសខិតខំខ្នះខ្នែងស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ សម្រេចបានជិត ៩០% បើធៀបនឹងចំនួនប្រជាជនគោលដៅ ១០លាននាក់ និងបានសម្រេចដាក់ដូសទី៣ (ដូសជំរុញ)ជូនមន្ត្រីជួរមុខ ព្រមទាំងកំពុងបើកយុទ្ធនាការចាក់ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំ ដល់អាយុ ក្រោម ១៨ ឆ្នាំ ទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា មាន ៥៩,០១% ធៀបជាមួយនឹងកុមារ និងយុវវ័យគោលដៅ ១,៩៦៦,៩៣១ នាក់។
កម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្រាន់ សម្រាប់ចាក់ជូនពករដ្ឋខ្លួន ដោយឡែកប្រទេសខ្លះ ទោះបីមានលុយក៏ដោយតែមិនអាចរកទិញវ៉ាក់សាំង បានគ្រប់មកចាក់នោះដែរ។ តែសម្រាប់កម្ពុជាយើង មានមេដឹកនាំល្អ និងដោយសារភាពឈ្លាសវៃ របស់សម្ដេចហ៊ុន សែន និងមានទំនាក់ទំនងល្អទាំងបុគ្គល និងអន្តរជាតិ ជាពិសេសកម្ពុជាបានចាត់ទុកមិត្តចិនជាខ្នងបង្អែកយុទ្ធសាស្ត្រសម្រាប់ផ្គត់ផ្គង់វ៉ាក់សាំងផងនោះ ទេីបកម្ពុជា ទទួលបានវ៉ាក់សាំងជំនួយផង និងទិញផង ដេីម្បីយកមក ចាក់ជូនពលរដ្ឋខ្លួន បានយ៉ាងច្រេីនដល់ រហូតឈានដល់ចាក់ដូសទី ៣ ដល់ក្រុមជួរមុខបន្ថែមទៀត។ នៅលេីពិភពមានតែប្រទេស ២ទេ ដែលបានចាក់ វ៉ាក់សាំងជូនប្រជាជនបានច្រេីនជាងគេ គឺប្រទេស អ៊ីស្រាអែល និង ប្រទេសកម្ពុជា ដែលបានចាក់វ៉ាក់សាំងបានលឿន និងរហ័សជាងគេ ពោលគឺមិនមែនកើតឡើងដោយចៃដន្យនោះទេ។ ប្រទេសយើងក្រតែយើងមិនក្រខាងការគិតគូរ និងរកវិធីការពារអាយុជីវិតប្រជាជនយើងនោះឡើយ។
សូមជម្រាបថា គិតមកដល់បច្ចុប្បន្ននេះ ដោយសារបងប្អូនប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេសមួយចំនួនធំ បានប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីសកូវីដ-១៩ ធ្វើឱ្យការឆ្លង និងការស្លាប់នៅតាមបណ្តារាជធានី ខេត្ត មានការថយចុះជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ មានខេត្តមួយចំនួន បានអនុញ្ញាតឲ្យដាក់ពាក្យស្នើសុំបើកអាជីវកម្ម ភោជនីយដ្ឋាន-អាហារដ្ឋាន ដើម្បីទទួលភ្ញៀវ ព្រោះដោយសារស្ថានភាពការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តនោះមានលក្ខណៈធូរស្រាល និងល្អប្រសើរ។
ទោះបីកម្ពុជាយើងបាន នឹងកំពុងវាយលុកដោយវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទ Delta យ៉ាងណាក្តី តែការឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ បានបន្តធ្លាក់ចុះជាលំដាប់ ដែលការថមថយនេះ ជាសញ្ញាល្អមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា អាចនឹងឈានទៅលុបបំបាត់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នាពេលដ៏ខ្លីខាងមុខជាក់ជាមិនខាន៕SRP

