ខេត្តបាត់ដំបង៖ក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសតែងតាំងមន្ត្រីថ្លឹងយានយន្ត និងដាក់ដំណើរការស្ថានីយជញ្ជីងអចល័តបណ្តោះអាសន្ន មួយកន្លែង «ពុកឆ្មា-ខេត្តបាត់ដំបង» ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគ.ម ២៨១+៥០០ ក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ។
អភិបាលខេត្តបាត់ដំបង លោកងួន រតនៈ បានស្វាគមន៍ និងផ្តល់ការសហការលើការដាក់ដំណើរការស្ថានីយជញ្ជីងក្នុងទឹកដីខេត្តបាត់ដំបង ដើម្បីទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
លោកមានប្រសាសន៍ថា ដើម្បីទប់ស្កាត់បញ្ហាដឹកលើសទម្ងន់នេះឱ្យមានប្រសិទ្ធភាព គឺទាមទារ ឲ្យមានការចូលរួមសហការ ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងមន្រ្តីអនុវត្តច្បាប់ អាជ្ញាធរមូលដ្ឋាន និងគ្រប់ម្ចាស់យានយន្តដឹកជញ្ជូន ហើយក្រុមការងារត្រូវតែមានភាពស្មោះត្រង់ មានទំនួលខុសត្រូវខ្ពស់ និងត្រូវអនុវត្តតាមច្បាប់ដែលបានកំណត់ ប្រកបដោយតម្លាភាព និងគ្មានការលើកលែងឡើយដល់អ្នកដែលប្រព្រឹត្តខុសច្បាប់។
សូមបញ្ជាក់ផងដែរថា ស្ថានីយជញ្ជីងអចល័តបណ្តោះអាសន្នពុកឆ្មា-ខេត្តបាត់ដំបង នឹងចាប់ផ្ដើមដំណើរការថ្លឹងសាកល្បងក្នុងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ និងអនុវត្តផ្លូវការចាប់ពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។
សូមជម្រាបថាការដាក់ស្ថានីយ៍ថ្លឹងរថយន្តនេះ នៅថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១៕SRP

