រដ្ឋមន្ត្រីក្រសួងវប្បធម៌ខ្មែរ ជួបពិភាក្សា ជាមួយនាយិកានៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងប្រធានការិយាល័យតំបន់អាស៊ីប៉ាស៊ីហ្វិក

0

ខេត្តសៀមរាប៖កិច្ចប្រជុំមួយនៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នៅទីក្រុងប៉ារីស រវាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវនាយិកានៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងលោកប្រធានការិយាល័យតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបានពិភាក្សាផ្តោតទៅលើបញ្ហាសំខាន់ៗមួយចំនួនរួមមាន៖១-ប្រធានបទនានាដែលទាក់ទងជាមួយមហាសន្និបាទលើកទី៤១ នៃអង្គការយូណេស្កូ ដែលនឹងត្រូវរៀបចំឡើងនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ នាទីក្រុងប៉ារីស។
២-វឌ្ឍនភាពនៃដំណើរការត្រៀមចុះតំបន់ប្រាសាទកោះកេរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០២២។
៣-កិច្ចអភិរក្សនៃប្រាង្គប្រាសាទនៅព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទនៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ និង ការងារសំខាន់ៗ មួយចំនួនទៀតទាក់ទងនឹងរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក។

កិច្ចប្រជុំបានធ្វើឡើងនៅ ថ្ងៃទី២៤ ខែសីហា ម្សិលមិញ ក្នុងដំណើរលោកជំទាវភឿង សកុណា អមដោយតំណាងគណៈប្រតិភូអចិន្ត្រៃយ៍នៃព្រះរាជាណចក្រកម្ពុជាប្រចាំ នៅអង្គការយូណេស្កូ បានជួបប្រជុំពិភាក្សា ជាមួយលោកស្រីបណ្ឌិត Mechtild ROSSLER នាយិកានៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និង លោកបណ្ឌិត Jing Feng ប្រធានការិយាល័យ តំបន់អាស៊ី និង ប៉ាស៊ីហ្វិក។

សូមជម្របថានៅក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំ និង មន្ត្រីនៃមជ្ឈមណ្ឌល បេតិកភណ្ឌពិភពលោក បានយកចិត្តទុកដាក់សហការ ប្រឹក្សាយោបល់ និង ចែករំលែកបទពិសោធន៍ ជាមួយរដ្ឋមន្ត្រី ក្រសួងវប្បធម៌ខ្មែរនិងគណៈប្រតិភូកម្ពុជា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ៕SRP