បុរសថតផ្លែមៀន បង្ហោះតាមfacebook ញុះញង់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ

0

ខេត្តបាត់ដំបង៖នគរបាលស្រុកកំរៀង សហការជាមួយកម្លាំងការិយាល័យ សន្តិសុខ ស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះបានឃាត់ខ្លួនបុរសម្បាក់ពីបទញុះញង់បំផុសបំផុលក្នុងបណ្ដាញសង្គមហ្វេសប៊ុក។ ករណីនេះក្រោយពីសាកសួរសមត្ថកិច្ចបានបញ្ជូនសំណុំរឿង ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថាជនសង្ស័យមានឈ្មោះ ងួន លី អាយុ៣១ឆ្នាំ មានទីលំនៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង៩នាទីយប់ បានថតផ្លែមៀនបង្ហោះវីដេអូក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលមានខ្លឹមសារញុះញង់បំផុសបំផុលអោយម្ចាស់ចំការនៅក្នុង ស្រុកកំរៀង មានការភាន់ច្រឡំលើចំណាត់ការ របស់រាជរដ្ឋាភិបាលជុំវិញការទិញផ្លែមៀនពីម្ចាស់ចំការមៀនដែលក្រីក្រ។ បុរសរូបនេះក៏បានព្យាយាមថតវីដីអូចោទប្រកាន់ក្រុមការងាររបស់រាជរដ្ឋាភិបាល ថាពុំបានយកចិត្តទុកដាក់ ជាមួយម្ចាស់ចំការមៀនផងដែរ។

សូមរំលឹកថាកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ដ្រី បានបញ្ជាឲ្យលោកហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យ សម្តេចហ៊ុន សែន ប្រមូលទិញផ្លែមៀន របស់កសិករ នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ក្នុងនោះផងដែរ សម្ដេចហ៊ុន សែន បានបញ្ជាក់ថាឲ្យទិញផ្លែមៀន តែពីកសិករក្រីក្រតែប៉ុណ្ណោះ៕SRP