សម្ដេច ស ខេង ផ្ដល់អនុសាសន៍ ឱ្យបន្តផ្សព្វផ្សាយ វិធានការ៣កុំ ៣ការពារ

0

ភ្នំពេញ៖សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ដល់អនុសាសន៍ឱ្យបន្តការងារអប់រំផ្សព្វផ្សាយអំពីការអនុវត្តវិធានការ៣កុំ ៣ការពារ ពង្រឹងការអនុវត្តច្បាប់ និងវិធានការ និងត្រូវជំរុញការចាក់វ៉ាក់សាំងឱ្យបានតាមគោលការណ៍ក្រសួងសុខាភិបាល។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យមានការផ្ដល់ព័ត៌មានអំពីសំណើ និងសំណូមពរនានាដើម្បីរៀបចំការសម្របសម្រួល ពិសេសជាមួយក្រសួងសុខាភិបាល ហើយគ្រប់អង្គភាពត្រូវធ្វើរបាយការណ៍ឱ្យទៀងទាត់។

រដ្ឋមន្ត្រីក៏បានសម្ដែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ រដ្ឋលេខាទទួលបន្ទុក និងអគ្គនាយកពន្ធនាគារ ក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ក្នុងពន្ធនាគារ ពិសេសការរៀបចំចាក់វ៉ាក់សាំងជូនអ្នកជាប់ឃុំ។

រដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះ នៅថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩របស់ក្រសួងមហាផ្ទៃ តាមប្រព័ន្ធវីដេអូ Zoom។

យោងតាមរបាយការណ៍របស់ លោក សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃបានទទួលវ៉ាក់សាំងពីក្រសួងសុខាភិបាល ចំនួន២០លើក ស្មើនឹង១០៧,៣២១ដូស និងទទួលបានសម្ភារៈបរិក្ខារមួយចំនួនទៀត។

លោកអគ្គនាយកបន្តថា ក្រសួងមហាផ្ទៃក៏បានទទួលជំនួយបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ ផ្ដល់ដោយថ្នាក់ដឹកនាំក្រសួង អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន និងអង្គភាពចំណុះនានាមួយចំនួនទៀត មានទាំងជំនួយថវិកា និងសម្ភារបរិក្ខារ។

លោកបានបន្ថែមថា ក្រសួងមហាផ្ទៃ ក៏បានទទួលឧបករណ៍តេស្តរហ័សផ្ដល់ដោយក្រសួងសុខាភិបាល និងទទួលបានពីជំនួយថ្នាក់ដឹកនាំក្រសួង និងសប្បុរសជនជាបន្តបន្ទាប់ ព្រមទាំងបានបញ្ជាទិញឧបករណ៍តេស្តរហ័សនេះបន្ថែមសម្រាប់ការប្រើប្រាស់ផងដែរ។

ពាក់ព័ន្ធនឹងឆ្លងជំងឺកូវីដ-១៩ លោក សេង យូអ៊ាន់ បានបញ្ជាក់ថា មកដល់ពេលនេះមានថ្នាក់ដឹកនាំ និងមន្រ្តីចំណុះក្រសួងមហាផ្ទៃ ២.១៩៨នាក់ បានឆ្លងជំងឺនេះ ក្នុងនោះជាសះស្បើយ ១.៤៤១នាក់ កំពុងព្យាបាល ៧៣៦នាក់ និងស្លាប់ ២១នាក់៕SRP