រដ្ឋមន្ត្រីក្រសួងវប្បធម៌ខ្មែរ ជួបពិភាក្សាការងារ ជាមួយតំណាងលោកជំទាវអគ្គនាយិកាអង្គការយូណេស្កូ នៅទីស្នាក់ការក្រុងបារីស

0

ខេត្តសៀមរាប៖លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ អមដោយគណៈប្រតិភូអចិន្ត្រៃយ៍ នៃកម្ពុជាប្រចាំនៅ អង្គការយូណេស្កូ នៅពីថ្ងៃទី២០ ខែ សីហា ម្សិលមិញ ក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋបារាំង បានជួបពិភាក្សា និងសម្តែងការ គួរសមជាមួយ៖ ១-លោក Tim Curtis ប្រធានលេខាធិការដ្ឋាននៃអនុសញ្ញា ឆ្នាំ២០០៣ ស្តីពីការការពារ និង អភិរក្សបេតិកភណ្ឌអរូបី និង ឯកឧត្តម Firmin Edouart Matoko អគ្គនាយករង ទទួលបន្ទុកទំនាក់ទំនង អន្តរជាតិ និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ Audrey Azoulay អគ្គនាយិកានៃអង្គការយូណេស្កូ នៅទីស្នាក់ការកណ្តាល នៃអង្គការយូណេស្កូ នាទីក្រុងប៉ារីស។

កិច្ចសន្ទនា បានផ្តោតជាចម្បងទៅលើប្រធានបទ សំខាន់ៗ ដូចជា៖ ១-វឌ្ឍនាភាព នៃកិច្ចការអភិរក្ស និង គាំពារបេតិភណ្ឌរូបី និង អរូបីនៅកម្ពុជា ២-ការរៀបចំដាក់បញ្ចូលតំបន់ ប្រាសាទកោះកេរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និង ការចុះសម្បត្តិវប្បធម៌ អរូបីនៃកម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌ អរូបីនៃមនុស្សជាតិ (បេតិកភណ្ឌឆ្នើម) ៣-ការរៀបចំ ឯកសារ ដើម្បីចុះខេត្តបាត់ដំបង ជាទីក្រុងច្នៃប្រឌីត ៤-កិច្ច សហប្រតិបត្តិការ រវាងស្ថាប័ននានានៃអង្គការយូណេស្កូ ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យវប្បធម៌ វិស័យអប់រំ និង វិស័យនានា និង ៥-ជំនួយឧបត្ថម្ភ និង គាំទ្ររបស់ អង្គការយូណេស្កូ លើគម្រោងអភិរក្ស ស្រាវជ្រាវ និង ការ រៀបចំធ្វើបញ្ជីសារពើភណ្ឌបេតិកភណ្ឌអរូបីនៅកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះ តំណាង អង្គការយូណេស្កូ បានថ្លែង កោតសរសើរដោយស្មោះ នូវការខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការអភិរក្ស និង គាំពារ បេតិកភណ្ឌរូបី និង អរូបី ព្រមទាំងការផ្តល់សច្ចាប័ន និង ការអនុវត្តបានខ្ជាប់ខ្ជួននូវខ្លឹមសារ នៃ អនុសញ្ញានានា របស់អង្គការ យូណេស្កូ៕SRP