លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាបឧត្តរមានជ័យ និងជាទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជា បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ក្នុងការដាំស្វាយចន្ទីដើម្បីឱ្យទទួលបានទិន្នផលខ្ពស់ ខណៈដែលបច្ចុប្បន្ន កំពុងមានតម្រូវការក្នុងស្រុក ក៏ដូចជាការ នាំចេញទៅក្រៅប្រទេស
លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ បានបន្តទៀតថាលោកឧកញ៉ាបានដាំដំណាំស្វាយចន្ទី តាំងពីឆ្នាំ២០១២មកម្លេះ ហើយពេលនេះលោកមានចំការស្វាយចន្ទីដែលបានដាំនៅលើផ្ទៃដីទំហំប្រមាណជាង១,១០០ហិកតាដែលស្ថិតនៅក្នុងឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាម ហើយការដាំនេះគឺដើម្បី ផ្គត់ផ្គង់តាមតម្រូវការទីផ្សារនៅក្នុងស្រុក ក៏ដូចជាការនាំចេញប្រទេសផងដែរ។
លោកឧកញ៉ាបានបន្តថាពូជចន្ទីដែលល្អបំផុត នៅលើពិភពលោកគឺពូជស្វាយចន្ទីរបស់ស្រុកខ្មែរតែម្តង ហើយលោកឧកញ៉ា គឺបានទិញនៅក្នុងស្រុក សម្រាប់បង្កាត់ពូជដាំ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ។
លោកឧកញ៉ាថា សម្រាប់ប្រជាពលរដ្ឋទាំងអស់ ដែលចង់ ដាំស្វាយចន្ទី គួរតែស្វែងយល់ឱ្យច្បាស់ ពីបច្ចេកទេសដាំ ជ្រើសរើសដីដាំ ដែលមានល្បាយខ្សាច់ ដែលមិនជាំទឹក ព្រោះដីនេះ ជាដីប្រភេទអន់តែវាជាប្រភេទដីល្អសម្រាប់ដាំស្វាយចន្ទី ហើយ ការជ្រើសរើសយកប្រភេទពូជណាដែលធន់នឹងការប្រែប្រួលអាកាធាតុ ហើយត្រូវដាក់ជីទៅតាមអាយុកាលរបស់វា។
លោកឧកញ៉ាបញ្ជាក់ថា នៅក្នុងឆ្នាំនេះចំការស្វាយចន្ទីហ៊ុយភៀវអង្គរ របស់លោកទទួលបានទិន្ទផលខ្ពស់គឺលើសពីឆ្នាំមុនប្រហែល៥០%។ លោកឧកញ៉ាក៏បានជំរាបជូន ចំពោះកសិករណាដែលដំាឬចង់បានបទពិសោធន៍អាចមកកាន់ចំការរបស់លោក ហើយលោកឧកញ៉ានឹងផ្តល់ បច្ចេកទេសនៃការដាំ ដើម្បីទទួលបានជោគជ័យក្នុងមុខរបរមួយនេះ។ ជាមួយគ្នានោះផងដែរលោកឧកញ៉ា ក៏បានធ្វើការចែកជូនទឺកថ្នាំជីធម្មជាតិបណ្តូលពេជ្រជាជីដែលចំការរបស់បានផលិតសម្រាប់ការពារជំងឺ និងការចេញជ័រតាមមែកឬខ្នែង របស់ស្វាយចន្ទី ដោយក្នុងម្នាក់ចំនួន១០លីត្រ ជូនដល់កសិករដែលបានមកចូលរួមផងដែរ៕SRP

