អភិបាលខេត្តកំពង់ចាម​ អំពាវនាវឲ្យរួមគ្នា ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩​

0

ខេត្តកំពង់ចាម៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​អំពាវនាវ ឲ្យមានការ​រួមគ្នាក្នុងការទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩​ ជាពិសេស​កុំភ្លេចអនុវត្ត​វិធានការ​ ៣ការពារ​ ៣កុំ​ តាមការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។

លោក អ៊ុន​ ចាន់ដា​ ក៏បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ សម្តេច​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ដែល​បាន​ផ្ដល់​ វ៉ាក់សាំង​ម្ជុលទី៣​ ជាដូសជម្រុញ​ សម្រាប់​ចាក់ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ​ខេត្តកំពង់ចាម​ ក្នុងថ្ងៃនេះ។

លោកថ្លែងយ៉ាងដូច្នេះ នៅថ្ងៃទី១៦​ ខែសីហា​ ឆ្នាំ​២០២១​នេះ​ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជម្រុញ ជូនមន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ ក្នុងខេត្តកំពង់ចាម​។

តាម​របាយការណ៍ របស់​រដ្ឋបាល​ខេត្តកំពង់ចាម បាន​បង្ហាញថា ​ចាប់ពីខែមីនា មកដល់ពេលនេះ ខេត្តកំពង់ចាម​សម្រេច​ចាក់​វ៉ា​ក់​បង្ការ​ជូន​ប្រជាពលរដ្ឋ មាន​អាយុ ១៨​ឡើង ក្នុង​ដូ​ស​ទី ១ សរុប​បាន​ចំនួន ៥៦៣.៦៧៨​នាក់ និង​ចាក់​ក្នុង​ដូ​ស​ទី ២ អាយុ ១៨​ឡើង បាន​ចំនួន ៤១៣.៣៣២​នាក់។ ចំពោះកុមារ និង​យុវវ័យ (១២-១៧​ឆ្នាំ​) ឬ​អាយុ​ក្រោម ១៨​ឆ្នាំ ចាក់​បាន​ចំនួន ៥៦.៧៤៥​នាក់។ ដោយឡែកនៅថ្ងៃនេះ ខេត្តកំពង់ចាម នឹង​បើក​យុទ្ធនាការ ចាក់​វ៉ាក់សាំង​បង្ការ​ជម្ងឺឆ្លង​កូ​វីដ ១៩ ក្នុង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជម្រុញ ដល់​មន្ត្រីរាជការ​ស៊ី​វី​ល នគរបាលជាតិ និង​ព្រះសង្ឃ ក្នុង​ខេត្តកំពង់ចាមផងដែរ៕SRP