ភ្នំពេញ៖សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញថាលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២១ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់សម្ដេច។
សម្ដេច ស ខេង បានបង្ហាញថានៅក្នុងខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំបានទទួលសំណូមពរ និងសំណួររបស់ប្រជាពរដ្ឋ ដែលស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃគឺមានចំនួន ៧៣គណនី និង បានឆ្លើយតបនិងដោះស្រាយមានចំនួន ១៨គណនី ក្រៅពីនោះគឺស្ថិតក្នុងដំណាក់កាលកំពុងដំណើរការដោះស្រាយ។
សម្ដេច ស ខេង បានបន្តថាវឌ្ឍនភាពការងារនេះ អាចសម្រេចបានដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ ទោះជាត្រូវប្រឈមមុខនឹងបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ក៏ដោយ។
ជាមួយគ្នានេះ ខ្ញុំសូមថ្លែងអំណរគុណបងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំតាមរយៈទំព័រហ្វេសប៊ុកដើម្បីយើងរួមគ្នាដោះស្រាយនូវបញ្ហានានា និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើងឱ្យកាន់តែរីកចំរើន។
ខ្ញុំក៏សូមយកឱកាសនេះ ស្នើសុំការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕SRP

