ខេត្តត្បូងឃ្មុំ៖រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកវង សូត បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ការពារអោយបានខ្ពស់ ព្រោះមេរោគកូវីដ-១៩ និងជំងឺប្រភេទបម្លែងថ្មី Delta គ្មានរូបរាង គ្មានក្លិន គ្មានស្រមោល គ្មានពណ៍ មើលមិនឃើញឡើយ ដែលជាហេតុបង្កគ្រោះថ្នាក់បំផុតហើយងាយឆ្លងទៀត បើសិនយើងធ្វេសប្រហែសតែមួយនាទីណានោះ។
លោករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់អាជ្ញាធរស្រុកពញាក្រែក ត្រូវត្រៀមរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័ក និងសម្ភារប្រើប្រាស់មួយចំនួន សម្រាប់បង្ការជាយថាហេតុ ក្នុងការទទួលពលករដែលវិលត្រឡប់មកពីប្រទេសថៃ ខាងមុខនេះ ដោយយើងមិនអាចមើលស្រាលជំងឺប្រភេទ(Delta) នោះបានទេ ខណៈដែលនៅតាមបណ្ដាលប្រទេសជិតខាង កំពុងឆ្លងរាលដាលខ្លាំងដល់ចូលសហគមន៍។
លោកថ្លែងអំពាវនាវធ្វើឡើងក្នុងពេលចុះពិនិត្យទីតាំងធ្វើចត្តាឡីស័ក សម្រាប់ទទួលពលករត្រឡប់ពីប្រទេសថៃ និងពិនិត្យការអនុវត្តការចាក់វ៉ាក់សាំង បង្ការ ជំងឺ កូវីដ-១៩ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នៅព្រឹកមិញនេះ
លោកវង សូត ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់គ្នាទោះមិនទាន់បានចាក់វ៉ាក់សាំងឬបន្ទាប់ពីបានទទួលវ៉ាក់សាំងរួចហើយ ក្តីក៏ត្រូវបង្កើនការយកចិត្តទុក្ខដាក់បន្ថែមទៀត ក្នុងការអនុវត្ត ឲ្យ បានខ្ជាប់ខ្ជួននូវវិធានការក្រសួងសុខាភិបាល ៣ការពារ ៣កុំ៕SRP

