ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប លោកទៀ សីហា បានលើកឡើងថា៖អាជ្ញាធរខេត្ត-ក្រុង ពិតជាមិនចង់បិទផ្សារនោះទេ តែចំនួនអ្នកឆ្លងនៅតែមានការកើនឡើង ហើយបងប្អូនអាជីវករ នៅមិនទាន់អនុវត្តអោយបានត្រឹមត្រូវ នូវវិធានការ ៣ការពារ ៣កុំ នៅឡើយ។ កូវីដ១៩ ត្រូវចេះខ្លាចវា ជាពិសេស ប្រភេទថ្មី Delta ដ៏កាចសាហាវនេះ។
អភិបាលខេត្តបន្តថារយៈពេលជាង២ខែ នៃការបិទផ្សារលើធំថ្មី បងប្អូនអាជីវកម្មពិតជាជួបការលំបាកណាស់ ទាំងបញ្ហាសុខភាព និងបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ។ លោកថាពិតណាស់ការបើកផ្សារឡើងវិញ គឺដោយសារមានការចូលរួមមតិយោបល់ ពីគណៈកម្មការផ្សារ រដ្ឋបាលក្រុង និងបងប្អូនអាជីវករ បានឯកភាពគ្នាក្នុងការបើកដំណើរការឡើងវិញ ក្នុងលក្ខខណ្ឌដោយអាជីវករផ្នែកជុំវិញផ្សារត្រូវប្តូរវេណគ្នាលក់ ម្ខាងមួយសប្តាហ៍ៗ និងត្រូវតែអនុវត្តវិធានការ “៣ការពារ ៣កុំ” ពាក់ម៉ាស លាងដៃ រក្សាគម្លាត អនាម័យ ដាច់ខាត ត្រូវខ្លាច ត្រូវប្រយ័ត្ន ត្រូវការពារ ថែរក្សាសុខភាពខ្លួនឯង ដើម្បីខ្លួនឯង ដើម្បីក្រុមគ្រួសាររបស់ និងដើម្បីខេត្តយើងទាំងមូលផងដែរ។
លោកទៀ សីហា លើកឡើងយ៉ាងដូច្នេះនៅថ្ងៃចន្ទ ទី០៩ ខែសីហា ព្រឹកមិញនេះ ក្នុងឱកាសដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យទិដ្ឋភាពផ្សារលើធថ្មី ដែលស្ថិតនៅជាប់បណ្ដោយផ្លូវជាតិលេខ៦ ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
សូមជម្រាបថាផ្សារលើធំថ្មី ដែលមានទីតាំងខាងលើ ត្រូវបានអាជ្ញាធរបិទជាបណ្ដោះអាសន្នរយៈពេលជាងពីរខែមកហើយ បន្ទាប់ពីមានករណីការឆ្លងរាលដាលជំងឺកូវីដ១៩៕SRP

