សម្ដេចស ខេង ប្រគល់រថយន្តចំនួន៨៧គ្រឿង ដល់ស្នងការខេត្ត

ភ្នំពេញ៖សម្ដេចស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃសុក្រ ថ្ងៃទី៦ ខែសីហា ព្រឹកមិញនេះបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-up ចំនួន៨៧គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបែងចែកជូនអធិការដ្ឋាននគរបាល ក្រុង ស្រុក។ ពិធីនេះបានប្រារព្ធឡើងនៅបរិវេណមុខអគារទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអនុវត្តយ៉ាងត្រឹមត្រូវតាមវិធានការសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដូចជាការពាក់ម៉ាស់ វាស់កំដៅ យកសំណាក បាញ់អាល់កុល និងរក្សាគម្លាតសុវត្ថិភាពផងដែរ។

យោងតាមរបាយការណ៍របស់លោក សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ គិតចាប់តាំងពីឆ្នាំ២០១៩មក សម្ដេចស ខេង បានផ្ដល់អំណោយរថយន្ត Pikc-up ចំនួន៤លើក សរុប១៥៨គ្រឿង ដល់អង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងនោះរួមមាន ស្នងការដ្ឋាននគរបាលខេត្តចំនួន ២២គ្រឿង វរសេនាតូចនគរបាលការពារព្រំដែនចំណុះភូមិភាគ៤ និងភូមិភាគ៥ចំនួន ១៦គ្រឿង ក្រុមល្បាតត្រួតពិនិត្យបទល្មើសចរាចរណ៍ផ្លូវគោកលើផ្លូវជាតិលេខ៤ និងលេខ៥ ចំនួន ៤គ្រឿង អធិការដ្ឋាននគរបាលខណ្ឌតាមរយៈស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ១៣គ្រឿង និងអធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌចំនួន១០៣គ្រឿង។

លោកបានបញ្ជាក់ថា រថយន្តទាំង៨៧គ្រឿងនេះ នឹងប្រគល់ជូនអធិការដ្ឋាននគរបាលក្រុង ស្រុក ដែលពុំទាន់ទទួលបានរថយន្តទាំង ៨៧អធិការដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តចំនួន២៤ខេត្ត រួមមានខេត្តព្រៃវែង ៤គ្រឿង, បាត់ដំបង ៥គ្រឿង, បន្ទាយមានជ័យ ២គ្រឿង, ស្ទឹងត្រែង ២គ្រឿង, ពោធិ៍សាត់ ៤គ្រឿង, ព្រះវិហារ ៣គ្រឿង, កណ្ដាល ៥គ្រឿង, កំពង់ស្ពឺ ៥គ្រឿង, កំពង់ឆ្នាំង ៦គ្រឿង, កំពង់ចាម ៨គ្រឿង, ត្បូងឃ្មុំ ៤គ្រឿង, ក្រចេះ ១គ្រឿង, តាកែវ ៤គ្រឿង, កំពត ៤គ្រឿង, ព្រះសីហនុ ២គ្រឿង, កោះកុង ៣គ្រឿង, កំពង់ធំ ៧គ្រឿង, សៀមរាប ១០គ្រឿង, កែប២គ្រឿង, ឧត្តរមានជ័យ ១គ្រឿង, ប៉ៃលិន ១គ្រឿង, មណ្ឌលគិរី ១គ្រឿង, និងរតនគិរី ៣គ្រឿង សរុបពីឆ្នាំ២០១៩មក សម្ដេចក្រឡាហោមបានផ្ដល់ជូនរថយន្តចំនួន ៥លើក ស្មើនឹង២៤៥គ្រឿង៕SRP