លោក ខៀវ កាញារីទ្ធ ណែនាំ អ្នកសារព័ត៌មានទាំងអស់ ឲ្យគោរព ក្រមសីលធម៌នៃការផ្សព្វផ្សាយ

លោក ខៀវ កាញារីទ្ធ ណែនាំ អ្នកសារព័ត៌មានទាំងអស់ ឲ្យគោរព ក្រមសីលធម៌នៃការផ្សព្វផ្សាយ

ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ដណែនាំឲ្យអ្នកសារព័ត៌មានទាំងអស់ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ នៃការផ្សព្វផ្សាយព័ត៌មាន របស់ខ្លួន ដើម្បីឲ្យសារធារណជន អាចទទួលព័ត៌មានបានពិត និងចៀសផុតពីបញ្ហាប្រឈមផ្លូវច្បាប់។

លោកខៀវកាញារីទ្ធ បានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវីធីកិច្ចពិភាក្សាសារព័ត៌មាន «ក្រមសីលធម៌នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក» នៅថ្ងៃថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ព្រឹកមិញនេះថា អ្នកសារព័ត៌មាន មានវិជ្ជាជីវៈមានសារសំខាន់ណាស់ ដែលធ្វើឲ្យប្រទេសជាតិទាំងមូលប្រែប្រួលនិងរីកចម្រើន។

លោករដ្ឋមន្ត្រីថានៅសតវត្សរ៍ទី២១នេះ អ្នកសារព័ត៌មានមានសារសំខាន់ដោយសារកត្ដាបីគឺកត្ដាអ៊ីនធឺណិត ប្រព័ន្ធផ្សព្វផ្សាយសង្គម និងបច្ចេកវិទ្យាសារព័ត៌មាន ដូចនេះ ក្រមសីលធម៌នៃការផ្សាយព័ត៌មានគឺអាចធ្វើឲ្យពិភពលោករីកចម្រើនបានលឿន។

លោកថា៖«សារសំខាន់នៃព័ត៌មានវាសំខាន់ធ្វើឲ្យសង្គមមួយប្រែប្រួលរីកចម្រើនឬធ្លាក់ចុះគឺព័ត៌មានហ្នឹងឯង អ៊ីចឹងហើយបានសតវត្សរ៍ទី ២១នេះយើងឃើញថា មានការរីកចម្រើនខ្លាំងក្លា ហើយយើងត្រូវយល់ឃើញថាសតវត្សរ៍ទី២១ដែលមានការរីកចម្រើន នេះ ហើយបាត់វិញយ៉ាងលឿន អាស្រ័យដោយសារកត្តាបីគឺបញ្ហាដែលយើងរកឃើញអ៊ីនធឺណិតនេះគឺជាកត្តាធំណាស់ដែលធ្វើឲ្យការផ្លាស់ប្ដូរព័ត៌មានបានលឿនឆាប់រហ័ស ទីពីរគឺទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺវារុញឲ្យទំនាក់ទំនងផ្សព្វផ្សាយព័ត៌មានរត់កាន់តែលឿន។ មួយទៀតយើងដឹងហើយថាបណ្ណាល័យសកលមួយដែលធ្វើឲ្យយើងយកពីប្រភពដែល យើងតែនិយាយថាពិភពលោកនៅនឹងចង្អុលដៃរបស់យើង។ កត្តានេះវាជាកត្តាមួយដែលធ្វើឲ្យមានការប្រែប្រួលនៅក្នុងសតវត្សរ៍ទី២១ ក្នុងសង្គមបច្ចុប្បន្នឆ្នាំ២០២១នេះ មានការប្រែប្រួលនៅក្នុងសកលលោក ការក្រឡាប់ចាក់មួយចំនួនក្ដីក៏អាស្រ័យទៅដោយការអភិវឌ្ឍន៍នូវបច្ចេកវិទ្យាសារព័ត៌មាន។ ជាការពិតគេតែងនិយាយថាព័ត៌មានអត់មានផលិតអ្វីចេញទេ វាមិនដូចសេវាឧស្សាហកម្មផលិតរបស់នេះរបស់នោះ. ប៉ុន្តែសារព័ត៌មានគឺជាស្នូរដែលធ្វើឲ្យអ្វីៗបានប្រែប្រួល។ ដូច្នេះហើយយើងត្រូវមើលឃើញអំពីសារសំខាន់នៃសារព័ត៌មាន នៅសតវត្សរ៍ទី២១ ដោយការរីកចម្រើននេះដែលធ្វើឲ្យយើងបានឃើញមានការឈ្លោះគ្នារវាងអ្នកកាសែតដែល មានអាជ្ញាប័ណ្ណ អ្នកកាសែតបោះពុម្ពអ្នកកាសែតធ្វើការនៅវិទ្យុ ទូរទស្សន៍ ជាមួយអ្នកកាសែត ហ្វេសប៊ុក »

រដ្ឋមន្ត្រីបានមានប្រសាសន៍បន្ដថា ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានគឺជាអាវក្រោះរបស់អ្នកសារព័ត៌មាន និងអាចរក្សាតម្លៃខ្លួនបាន។ លោកបានលើកឡើងថា សម្រាប់អ្នកសារព័ត៌មានគឺមានសិទ្ធ ហើយការប្រើប្រាស់សិទ្ធិសេរីភាពនោះ កុំហួសព្រំដែនដែលអាចធ្វើឲ្យប៉ះពាល់ ឬក្លាយជាការបរិហារ ទៅដល់ស្ថាប័ន ឬក៏បុគ្គលផ្សេងៗ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕SRP