«សម្ដេចហ៊ុន សែន ក្នុងពេលបើកពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ នៅខេត្តកំពត ឆ្នាំ២០១៩»
ភ្នំពេញ៖នាយករដ្ឋមន្ត្រីខ្មែរ សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យតែងតាំងលោកស្រី ងិន ផលរ័ត្ន ជាអភិបាលក្រុងបូកគោ ខេត្តកំពត ដែលទើបបង្កើតថ្មី។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងអនុក្រឹត្យនេះថា៖ «តែងតាំងលោកស្រី ងិន ផលរ័ត្ន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងបូកគោ ខេត្តកំពត»។
គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ បានចេញអនុក្រឹត្យ បង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូ គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ក្រុងបូកគោនេះ មានសង្កាត់ចំនួន០៣ គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត។ ទីតាំងរដ្ឋបាល ក្រុងបូកគោ ត្រូវស្ថិតនៅក្នុងសង្កាត់បឹងទូក ៕SRP