សម្ដេច ហេង សំរិន៖ រាជរដ្ឋាភិបាលបានកំពុងបន្តកៀរគរគ្រប់លទ្ធភាព ដើម្បីចាក់វ៉ាក់សំាង ដល់ចៅៗកូនក្មួយ ដែលមានអាយុចាប់ពី១២ ដល់១៧ឆ្នាំ

ភ្នំពេញ៖ប្រធានរដ្ឋសភាជាតិកម្ពុជា សម្ដេចហេង សំរិន បានលើកឡើងថា៖ នៅក្នុងពេលឆាប់ៗនេះ ប្រជាពលរដ្ឋយើង ដែលមានអាយុ១៨ឡើងចំនួន១០លាននាក់នឹងទទួលបានវ៉ាក់សំាង តាមការកំណត់។

រាជរដ្ឋាភិបាលបានកំពុងបន្តកៀរគរគ្រប់លទ្ធភាពដើម្បីចាក់វ៉ាក់សំាងដល់ចៅៗ កូនក្មួយដែលមានអាយុចាប់ពី១២ឆ្នាំដល់១៧ឆ្នាំ ដោយឥតគិតថ្លៃបន្តទៀត។ វ៉ាក់សំាងជាមធ្យោបាយនិងជាក្តីសង្ឃឹមតែមួយគត់នៅក្នុងពេលនេះដើម្បីឱ្យយើងមានលទ្ធភាពក្នុងស្តារសេដ្ឋកិច្ច និងសង្គមជាតិឱ្យទៅរកសម្មភាពជាប្រក្រតីឡើងវិញ ដូចជាការដែលចៅៗ ក្មួយៗបានវិលទៅសិក្សានៅសាលារៀនវិញជាដើមនោះ។

តាមគណនីហ្វេសប៊ុករបស់សម្ដេច ហេង សំរិន នៅព្រឹកនេះបានបង្ហោះសារថា «សូមអនុមោទនាបុណ្យចូលព្រះវស្សា» ពីថ្ងៃ១រោចខែអាសាធ ដល់ថ្ងៃ១៥កើតខែអស្សុជ ជាថ្ងៃបុណ្យចូលព្រះវស្សានៅក្នុងរយៈពេល៣ខែ។

ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិការចូលព្រះវស្សាឡើង ដើម្បីឱ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិព្រះធម៌ ព្រះវិន័យក្នុងទីអារាម នៅក្នុងរដូវវស្សា ពោរពេញទៅដោយភ្លៀងធ្លាក់ជោគជាំ។ ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយមានសារៈសំខាន់ ដែលពលរដ្ឋខ្មែរយើងបានគោរពប្រណិប័តន៍តំាងពីបុរាណកាលមក។

តាមទម្លាប់ប្រជាពុទ្ធបរិស័ទ តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកនូវទៀនព្រះវស្សា គ្រឿងបំភ្លឺផ្សេងៗ សាដក អង្ករ ភេសជ្ជៈ ទៅប្រគេនព្រះសង្ឃដែលបានគង់ចំាព្រះវស្សា។

ដោយសារពេលនេះជំងឺជំងឺកូវីដ១៩កំពុងរាតត្បាតខ្លំាង សូមបងប្អូនជនរួមជាតិបន្តអនុវត្តវិធានការសុវត្ថិភាព “៣ ការពារ និង ៣ កុំ” ឱ្យបានខ្ជាប់ខ្ជួនកុំមានការទ្វេសប្រហែសឡើយ និងអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅក្នុងតំបន់ដែលខ្លួនកំពុងរស់នៅឱ្យបានគ្រប់ៗគ្នា ដ្បិតអីពេលនេះការចាក់វ៉ាក់សំាងបានកំពុងដំណើរនៅតាមខេត្តក្រុងនានាទូទាំងប្រទេស ក្រោយពីបានបញ្ចប់ការចាក់ជូនពលរដ្ឋនៅរាជធានីភ្នំពេញ។

ខ្ញុំសូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងអស់ មានសុខភាពល្អ ចៀសផុតពីជំងឺកូវី-១៩ ព្រមទាំងជួបប្រទះតែពុទ្ធពរទាំង៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕SRP