ភ្នំពេញ៖លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហោះសារ សូមអរគុណជប៉ុន ដែលបានផ្តល់វ៉ាក់សាំង អាស្ត្រាហ្សេនីកា ១លានដូស ដល់កម្ពុជា។
នៅលើគណនីហ្វេសប៊ុក លោកហ៊ុន ម៉ានី បានសរសេរថា៖សូមអរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួនសរុប ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
ថ្មីៗនេះ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន៣៣ម៉ឺនដូស បានមកដល់ប្រទេសកម្ពុជា ដែលជាជំនួយរបស់មិត្តជប៉ុន បន្ទាប់ពីរដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ បានប្រកាសជូនជាជំនួយចំនួនសរុប ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
លោកហ៊ុន ម៉ានី បានសរសេរបន្តថា៖ អ្វីដែលយើងទទួលបានបន្ថែមនៅពេលនេះ គឺស្តែងចេញពីទំនាក់ទំនង ដ៏ស្អិតរមួតរវាងប្រទេសទាំងពីរ ក៏ដូចជាចេញពីការខិតខំប្រឹងប្រែងស្វែងរក និងបញ្ជាទិញវ៉ាក់សាំងចាក់ជូនប្រជាជន រួមជាមួយនយោបាយនានា របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់អាទិភាពចំពោះសុខុមាលភាពប្រជាពលរដ្ឋ។
ជាក់ស្តែង ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ០៦ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រួមមាន៖
(១)បន្តទប់ស្កាត់ការនាំចូលនូវមេរោគកូវីដ-១៩ បំប្លែងថ្មី
(២)កាត់បន្ថយទំហំតំបន់ឆ្លង និងចំនួនឆ្លងឱ្យមានកម្រិតទាប
(៣)បន្តខិតខំព្យាបាលអ្នកឆ្លងឱ្យបានជាសះស្បើយ និងកាត់បន្ថយអត្រាអ្នកស្លាប់ (៤)រុករក និងគ្រប់គ្រងករណីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩
(៥)ការរៀបចំបូជាសពនិងបញ្ចុះសពអ្នកស្លាប់ឱ្យបានល្អប្រសើរ
(៦)ជំរុញយុទ្ធនាការចាក់វ៉ាក់សាំង។ ជាងនេះទៅទៀត រដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និង យុវវ័យ អាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំផងដែរ។
សូមជម្រាបថាកាលពីយប់ថ្ងៃសុក្រ ទី២៣ ខែកក្កដា នេះ រដ្ឋាភិបាលជប៉ុន បានផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ១លានដូស ដល់រាជរដ្ឋាភិបាលកម្ពុជា ដោយបានដឹកមកដល់កម្ពុជា មាន៣៣ម៉ឺនដូស ហើយចំនួននៅសល់ នឹងដឹកមកជាបន្តបន្ទាប់ទៀត៕SRP

