សម្ដេច ស ខេង៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ លើកកម្ពស់ ការអប់រំនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងលទ្ធផលខ្ពស់

ភ្នំពេញ៖សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើកកម្ពស់ ការអប់រំនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងលទ្ធផលខ្ពស់ ហើយជាមួយគ្នានេះ ក៏បានដាក់ចេញគោលនយោបាយជាតិ ស្ដីពីការអប់រំមួយជីវិត ដែលក្លាយជាប្រធានបទដ៏សំខាន់នៅកម្ពុជា ជាមួយនឹងការលើកទឹកចិត្ត ឱ្យមានការសិក្សាភាសាបរទេសគ្រប់កម្រិត និងអនុញ្ញាតឱ្យវិស័យឯកជនបើកការបណ្ដុះបណ្ដាល ទាំងភាសាបរទេស ចំណេះដឹងទូទៅ និងការបណ្ដុះបណ្ដាលលើជំនាញវិជ្ជាជីវៈ។

សម្ដេច ស ខេង ក៏បានគូសបញ្ជាក់អំពីគុណតម្លៃស្មើគ្នារវាងអ្នករៀនចំណេះដឹងទូទៅថ្នាក់បរិញ្ញបត្រ ឬក្រោយបរិញ្ញាបត្រ និងអ្នករៀនជំនាញវិជ្ជាជីវៈ និងបានបន្ថែមក្នុងន័យដើមថា« អ៊ីចឹងហើយបានជាខ្ញុំនិយាយថារវាងអ្នកដែលមានទ្រឹស្ដី មានទស្សនទាន ការយល់ដឹង គឺជាការចាំបាច់ ប៉ុន្តែអ្នកមានជំនាញ មានបទពិសោធន៍គឺជាបញ្ហាដ៏សំខាន់មិនអាចខ្វះបាន ហើយបើបូកចំណុចទាំងនេះជាមួយគ្នាវានឹងធ្វើមនុស្សហ្នឹងកាន់តែខ្លាំង បើបូកទាំងលក្ខណសម្បត្តិរបស់មនុស្សទៀតនោះ»។

សម្ដេច ស ខេង ថ្លែងយ៉ាងដូច្នេះនៅថ្ងៃអាទិត្យទី២៥ ខែកក្កដា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធី«វោហារឆ្នើម»ខេត្តបាត់ដំបង ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ វគ្គផ្ដាច់ព្រ័ត្រ តាមប្រព័ន្ធវីដេអូសន្និសីទZoom។

សម្ដេច ស ខេង បានបន្តថា ការរៀនភាសាអង់គ្លេស ឬភាសាបរទេស និងការបង្កើតកម្មវិធីប្រកួតប្រជែង ដូចកម្មវិធី វោហាឆ្នើម នេះ មិនមែនជាការផ្ដល់តម្លៃដល់ភាសាបរទេស ហើយមើលរំលងភាសាជាតិនោះទេ។ សម្ដេចបានបន្តថា«ភាសាខ្មែរយើង កើតមកគឺចេះហើយ បញ្ហាគឺចេះតែនិយាយ តែមិនចេះអាន និងចេះសរសេរដែលយើងមានការអប់រំបណ្ដុះបណ្ដាលហើយ មានន័យថា បន្ទាប់ពីភាសាកំណើត ការចេះភាសាបរទេសកាន់តែច្រើនកាន់តែល្អ ទោះជាភាសាបរទេសនោះជាភាសាប្រទេសសត្រូវរបស់យើងក៏ដោយ សំខាន់គឺភាសាបរទេសដែលប្រើជាអន្តរជាតិ និងចេះប្រើភាសាប្រទេសជិតខាង»។

សម្ដេច ក៏បានផ្ដល់អនុសាសន៍ឱ្យពិនិត្យលទ្ធភាព រៀបចំបើកការប្រកួតកម្មវិធី វោហារឆ្នើម លើភាសាចិនមួយទៀត ដោយសម្ដេចបានសង្កត់ធ្ងន់ថាបច្ចុប្បន្ន ភាសាបរទេសដែលមានមនុស្សជាតិប្រើប្រាស់ច្រើនជាងគេ និងកំពុងមានឥទ្ធពលដូចភាសាអង់គ្លេសដែរនោះ គឺភាសាចិន ហើយថាភាសាចិននេះក៏កំពុងមានតម្រូវការខ្ពស់ទាំងទីផ្សារការងារក្រៅប្រទេស និងក្នុងប្រទេសកម្ពុជាតែម្ដង។ សម្ដេចក៏បានឱ្យណែនាំឱ្យយកបទពិសោធន៍នៃរៀបចំកម្មវិធី វោហារឆ្នើម នៅព្រៃវែង និងបាត់ដំបង រៀបចំកម្មវិធីវោហារឆ្នើម នៅខេត្តបន្ទាយមានជ័យឱ្យបានកាន់តែល្អបន្ថែមទៀត។

សម្ដេច ក៏បានផ្ដល់ការលើកទឹកចិត្តដល់បេក្ខជនដែលមិនជាប់ជ័យលាភី ដោយសម្ដេចបានសង្កត់ធ្ងន់ថា«នេះមិនមែនជាការបរាជ័យទេ ព្រោះការបរាជ័យលើកដំបូង គឺជាការចាប់ផ្ដើមឈានទៅរកជោគជ័យ សូមកុំទំលាក់ចោលក្ដីសង្ឃឹម ដ្បិតយ៉ាងហោចណាស់យើងមានមេរៀន និងបទពិសោធន៍ថ្មីមួយសម្រាប់ការដណ្ដើមយកជោគជ័យនៅថ្ងៃខាងមុខ។ ចំណែកអ្នកជោគជ័យក៏ត្រូវបន្តការខិតខំដើម្បីសម្រេចគោលដៅដែលខ្លួនចង់បាននាពេលអនាគត។ គឺគោលដៅដែលអាចជាការទទួលបានការងារសមស្របនឹងសមត្ថភាព ហើយទទួលបានកម្រៃសមនឹងការងារ ទាំងវិស័យឯកជន និងសាធារណៈ»។

សូមបញ្ជាក់ថាសម្រាប់កម្មវិធី«វោហារឆ្នើម»ខេត្តបាត់ដំបង ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ វគ្គផ្ដាច់ព្រ័ត្រនាថ្ងៃនេះ ជ័យលាភីលេខ១ វិញ្ញាសារឯកបុគ្គលបានទៅលើបេក្ខនារី San Nika Marie លេខ២ បានទៅលើបេក្ខនារី Heang Kemhouy។ ចំណែកម្ចាស់ជ័យលាភីលេខ១ វិញ្ញាសារជជែកជាក្រុមបានទៅលើក្រុមបេក្ខជន Seng Maomeng បេក្ខនារី Mony Marida បេក្ខនារី Pov Viriya និងលេខ២ បានទៅលើក្រុមបេក្ខនារី Chhor Youkheng បេក្ខនារី Pa Sopheavoleak និងបេក្ខនារី Lim Kunthea៕SRP