ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២៣ ខែកក្កដា ម្សិលមិញ បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពនៃសួនច្បារតាមមាត់ទន្លេមេគង្គ ក្នុង ក្រុងកំពង់ចាម។
ការចុះពិនិត្យនេះដើម្បីធ្វើការជួសជុលកែលម្អសួនសាធារណៈ រួមទាំងការដាំដើមឈើ និងផ្កាលម្អគ្រប់ប្រភេទបន្ថែមទៀត សំដៅលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថានឲ្យស្រស់បំព្រង រួមទាំងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ឲ្យសាកសមនឹង ទីក្រុងជ័យលាភី រំដួល៣ទង និងជាទីកន្លែងដ៏ទាក់ទាញ សម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ មកលំហែកាយ ស្រូបយកខ្យល់ អាកាសបរិសុទ្ធ ពីជំនោរទន្លេមេគង្គ។
សូមជម្រាបថាក្រុងកំពង់ចាម ជាក្រុងដែលទទួលបានជ័យលាភី រំដួល៣ទង ក្នុងការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត ក្នុងក្របខណ្ឌទូទាំងប្រទេស កាលពីឆ្នាំ២០១៨កន្លងទៅ ប៉ុន្តែជាអកុសល នៅឆ្នាំបន្ទាប់គ្រោះទឹកជំនន់ទន្លេមេគង្គ បានបំផ្លិចបំផ្លាញ ជាច្រើនពាន់ម៉ែត្រ នូវផ្នែកមួយចំនួន នៃសួនច្បារ នៅតាមបណ្តោយមាត់ទន្លេ ស្ថិតនៅសង្កាត់ចំនួន៣ ក្នុងក្រុងកំពង់ចាម៕SRP

