ជំនាញស្រុកស្ទោង បើកដៃឲ្យ លោកគឹង គន់ សាងសង់សំណង់ខុសច្បាប់ កំពុងរងការរិះគន់យ៉ាងខ្លាំង

ខេត្តកំពង់ធំ៖មន្ត្រីសុរិយោដីស្រុកស្ទោង បានរងការរិះគន់ថា បើកដៃឲ្យមានការសាងសង់សំណង់ដោយខុសច្បាប់ នាំឲ្យមានការរិះគន់យ៉ាងខ្លាំង។

យោងតាមប្រភពពីមន្ត្រីជំនាញបានបង្ហើបឲ្យដឹងថាសំណង់សាងសង់អគារដោយខុសច្បាប់នៅទីប្រជុំជនជិតបេនឡាន បានសាងសង់អគារ៤ល្វែង៣ជាន់ ជាកម្មសិទ្ធរបស់អ្នកស្រី គឹង គន់ និងនាង ជិន ណារ៉ុម ស្ថិតនៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ បានបន្តសាងសង់ដោយរលូនបើទោះបីជាមានការហាមឃាត់ពីជំនាញសុរិយោដីខេត្តយ៉ាងណាក៏ដោយ។

ប្រភពបានបន្តទៀតថាសម្រាប់ការសាងសង់សំណង់ផ្ទះល្វែងរបស់លោកគឹង គន់ និងនាង ជិន ណារ៉ុម បានដំណើរការសាងសង់ជាធម្មតា បើទោះបីជាមានក្រុមការងារថ្នាក់ខេត្តចុះ មកផ្អាកការសាងសង់បណ្តោះអាសន្នក៏ដោយ។ ការសាងសង់បែបនេះត្រូវបានគេសង្ស័យថាមន្ត្រីជំនាញសុរិយោដីស្រុកស្ទោង មានការឃុបឃិតគ្នា ជាមួយម្ចាស់សំណង់ ទើបសំណង់បានដំណើរការដោយរលូន។

សូមជម្រាបថា រហូតមកដល់ពេលនេះ សំណង់ផ្ទះល្វែង របស់លោកគឹង គន់ និងនាង ជិន ណារ៉ុម នៅតែដំណើរការសាងសង់ដដែល ដោយគ្មានកោតញញើតទៅនឹងការចេញលិខិតរបស់មន្ទីរសុរិយោដីខេត្តនោះឡើយ។

ពាក់ព័ន្ធករណីនេះ លោក អ៊ឹម សុឌីណា ប្រធានមន្ទីរសុរិយោដី និងសំណង់ខេត្តកំពង់ធំ បានឆ្លើយតប តាមប្រព័ន្ឋតេក្រាមថា៖ មន្ទីរបានចុះទៅពិនិត្យ និងផ្អាកការសាងសង់នេះជាបណ្តោះអាសន្ន  និងបានរបាយការណ៏ជូនទៅឯកឧត្តមអភិបាលខេត្ត រួចរាល់ហើយ តែបើសកម្មភាពការសាងសង់នេះ នៅតែបន្ត មន្ទីរនិងចាត់ក្រុមការងារ ដោយសហការណ៏ជាមួយរដ្ឋបាលខេត្តចុះទៅពិនិត្យថែមទៀត ។

ជុំវិញការសាងសង់សំណង់នេះពលរដ្ឋ នៅស្រុកស្ទោង មានក្ដីរំពឹងថាមន្ត្រីជំនាញខេត្តកំពង់ធំ នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះសំណង់សាងសង់ផ្ទះល្វែងដោយខុសច្បាប់ របស់លោកគឹង គន់ និងនាង ជិន ណារ៉ុម ជាក់ជាពុំខានឡើយ។

បណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅមិនពុំទាន់ទទួលបានការបំភ្លឺពីលោកគឹង គន់ និងនាង ជិន ណារ៉ុម ជុំវិញការសាងសង់សំណង់ខាងលើនេះនៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង៕SRP