ឯកអគ្គរាជទូត៖ ការផ្ដល់ជំនួយវ៉ាក់សាំង១លានដូសនេះ ធ្វើឡើងស្របតាម ចំណងមិត្តភាព រវាងជប៉ុននិងកម្ពុជា

ភ្នំពេញ៖ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក មិកាមិ ម៉ាសាហ៉ីរ៉ូ (MIKAMI Masahiro) បានថ្លែងថាការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ១លានដូស នេះ ធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។
លោកបានបង្ហាញក្តីសង្ឃឹមថា ជំនួយវ៉ាក់សាំងនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួន របស់ប្រជាជនកម្ពុជា។

លោកឯកអគ្គរាជទូត បានបញ្ជាក់ថា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដែលជាបញ្ហាពិភពលោកនេះ ជប៉ុននឹងបន្តសហការ និងធ្វើការរួមគ្នា ជាមួយកម្ពុជា ដែលជាមិត្តដ៏សំខាន់។

លោកថ្លែងយ៉ាងដូច្នេះនៅថ្ងៃសុក្រទី២៣ ខែកក្កដា យប់មិញ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងឱកាសផ្ដល់ជំនួយ
វ៉ាក់សាំងជំងឺកូវីដ១៩ ដល់រដ្ឋាភិបាលកម្ពុជា ក្រោមការកិច្ចទទួលដោយ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី។

សូមជម្រាបថារដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយនៅយប់មិញនេះ វ៉ាក់សាំងជំនួយរបស់ជប៉ុន ដែលដឹកមកកម្ពុជានាពេលនេះ មានចំនួន ៣៣ម៉ឺនដូស ហើយចំនួននៅសល់នឹងដឹកមកជាបន្តបន្ទាប់ទៀត។

ក្នុងឱកាសទទួលវ៉ាល់សាំង សម្ដេច ហ៊ុន សែន បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនជប៉ុន ដែលតែងតែជួយដល់ប្រទេសកម្ពុជា ជាពិសេសអរគុណចំពោះការផ្ដល់អំណោយជាវ៉ាក់សាំង១លានដូសនាពេលនេះសម្រាប់រដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា ថ្មីៗនេះ, រាជដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ០៦ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ផងដែរ ដែលក្នុងនោះរួមមាន៖ ១)បន្តទប់ស្កាត់ការនាំចូលនូវមេរោគកូវីដ-១៩ បំប្លែងថ្មី ២)កាត់បន្ថយទំហំតំបន់ឆ្លង និងចំនួនឆ្លងឱ្យមានកម្រិតទាប
៣)បន្តខិតខំព្យាបាលអ្នកឆ្លងឱ្យបានជាសះស្បើយ និងកាត់បន្ថយអត្រាអ្នកស្លាប់ ៤)រុករក និងគ្រប់គ្រងករណីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ទី៥)ការរៀបចំបូជាសពនិងបញ្ចុះសពអ្នកស្លាប់ឱ្យបានល្អប្រសើរ និងទី៦)ជំរុញយុទ្ធនាការចាក់វ៉ាក់សាំង៕SRP