ភ្នំពេញ៖មានជនខិលខូច បានយករូប លោកហ៊ុយ វណ្ណៈ ទៅក្លែងបន្លំប្រើប្រាស់តាមប្រព័ន្ធតេលេក្រាម ដើម្បីអូសទាញឱ្យដាក់លុយវិនិយោគ ក្នុងក្រុមហ៊ុនឈ្មោះ Glancebit។
នេះបើតាមលោកហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានសរសេរបញ្ជាក់នៅលើគណណីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅយប់ថ្ងៃទី ១៦ ខែកក្កដាឆ្នាំ ២០២១នេះ។
លោកហ៊ុយ វណ្ណៈ បានសរសេរថា៖ សូមជូនដំណឹង! មានគេយករូបថតខ្ញុំ យកទៅក្លែងបន្លំប្រើប្រាស់ក្នុងប្រព័ន្ធ Telegram ហើយអូសទាញឱ្យដាក់លុយវិនិយោគក្នុងក្រុមហ៊ុនឈ្មោះ Glancebit។ ខ្ញុំសូមបដិសេធ ហើយសូមបងប្អូនប្រុងប្រយ័ត្ន កុំចាញ់កលការបោកប្រាស់របស់ជន ដែលមានអត្តសញ្ញាណដូចឯកសារភ្ជាប់នេះ។សូមអរគុណ៕SRP

