អភិបាលខេត្តកំពង់ឆ្នាំង ទើបឡើងថ្មី កោះហៅមន្ត្រីពាក់ព័ន្ធ មកប្រជុំករណីធ្វើអាជីវកម្មពុះដីឡូត៍ ដែលគ្មានច្បាប់អនុញ្ញាត

0

ខេត្តកំពង់ឆ្នាំង៖អភិបាលខេត្តកំពង់ឆ្នាំង លោកស៊ុន សុវណ្ណារិទ្ធិ នឹងបើកកិច្ចប្រជុំមួយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្អែកនេះជាមួយអភិបាល ស្រុក ក្រុង និងសុរិយោដី ស្រុក ក្រុង ទាំងអស់។ ការប្រជុំនេះដើម្បីសាកសួរ ករណីអាជីវកម្មពុះដីឡូតិ៍លក់គ្មានច្បាប់អនុញ្ញាត។

នេះបើយោងតាមលិខិតរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ចុះថ្ងៃទី ០៨ ខែកក្កដាឆ្នាំ ២០២១។

មានការលើកឡើងថា នៅប៉ែកតំបន់ចុងកោះសង្កាត់ខ្សាម និងសង្កាត់កំពង់ឆ្នាំង តំបន់អភិវឌ្ឍន៍ថ្មី របស់អតីតអភិបាលខេត្តមុន ឃើញមានការអភិវឌ្ឍខ្លាំង វិស័យសំណង់ និងការពុះដីឡូតិ៍លក់ជាច្រើនកន្លែង ប៉ុន្តែគេក៏មិនបានដឹងថាតើមានច្បាប់ឬអត់ច្បាប់នោះឡើយ។ ក្នុងនោះដែរគេសង្កេតឃើញមានក្រុមហ៊ុនឯកជនមួយចំនួនបានកាយដីបឹង ដែលច្បាប់បានហាមឃាត់ យកចាក់ពុះឡូតិ៍ គេនៅមិនទាន់ដឹងថា មានលិខិតអនុញាត ឬយ៉ាងណានោះទេ។

ទោះជាយ៉ាង កិច្ចប្រជុំរវាងអភិបាលខេត្តទើបឡើងថ្មី និងអាជ្ញាធរមូលដ្ឋានជំនាញពាក់ព័ន្ធ នៅថ្ងៃស្អែកនេះ គេរំពឹងថាអភិបាលខេត្ត លោក ស៊ុន សុវណ្ណារិទ្ធិ នឹងបើកវាំងននខ្មៅឲ្យមហាជន បានឃើញថា នៅខេត្តកំពង់ឆ្នាំង មានអាជីវកម្មពុះដីឡូតិ៍លក់ខុសច្បាប់ប៉ុន្មានកន្លែង។ ព្រោះថាលោកអតីតក៏ជាអភិបាល រងខេត្តកំពង់ឆ្នាំងផងដែរ ដូច្នេះរឿងរ៉ាវ នៅខេត្តកំពង់ឆ្នាំង លោកប្រាកដជាដឹងច្រើន៕SRP