លោក ស៊ុន ចាន់ថុល ស្នើសុំការគាំទ្រពី សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ប្រចាំនៅកម្ពុជា ក្នុងការជួយដល់មន្ទីរពេទ្យបង្អែក និងមណ្ឌល សុខភាពនានានៅស្រុកកោះធំ

0

ខេត្តកណ្ដាល៖លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសុំការគាំទ្រពីសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំនៅកម្ពុជា ក្នុងការជួយដល់មន្ទីរពេទ្យបង្អែក និងមណ្ឌល សុខភាពនានានៅស្រុកកោះធំ ដូចជា៖ ការរៀបចំកែលម្អអាគារមន្ទីរពេទ្យ ការបំពាក់សម្ភារបរិក្ខា វេជ្ជសាស្ត្រ ការបណ្តុះបណ្តាលបំប៉នជំនាញឯកទេស វេជ្ជសាស្ត្របន្ថែមឱ្យដល់គ្រូពេទ្យ និងគាំទ្រចាំបាច់ផ្នែកសុខភាពផ្សេងៗទៀត ដើម្បីលើកកម្ពស់ដល់ការផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺ។

លោកថ្លែងស្នើយ៉ាងដូច្នេះ នៅថ្ងៃសៅរ៍ ទី១០ ខែកក្កដា ម្សិលមិញ ក្នុងឱកាសដឹកនាំគណៈ ប្រតិភូសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំនៅកម្ពុជា (The Church of Jesus Christ of Latter-day Saints) បានអញ្ជើញចុះពិនិត្យមើលមន្ទីរពេទ្យបង្អែកស្រុក កោះធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងលោកចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតផងដែរ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានាស្រុកកោះធំ ដើម្បីលើកកម្ពស់ការថែទាំសុខភាពរបស់អ្នកស្រុកកោះធំ ដែលមានតម្រូវការ ចាំបាច់លើផ្នែកសេវាថែទាំសុខភាពបឋម ការសង្គ្រោះបន្ទាន់ ទឹកស្អាត អនាម័យ និងការអប់រំ ឱ្យកាន់តែ ប្រសើរឡើងថែមមួយកម្រិតទៀត។

ថ្លែងក្នុងឱកាសចុះពិនិត្យអាគាររដ្ឋបាលមន្ទីរពេទ្យបង្អែក រដ្ឋមន្ត្រី បានសំណូមពរឱ្យក្រុមគ្រូពេទ្យខិតខំប្រឹងប្រែងផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរតាមរយៈការផ្ដល់ព័ត៌មានត្រឹមត្រូវ ការសម្រេចចិត្តត្រឹមត្រូវ ការផ្ដល់និងការប្រើប្រាស់សេវាសុខភាពត្រឹមត្រូវ ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋស្រុកកោះធំឱ្យកាន់តែប្រសើរឡើង ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យមានការ រីកចម្រើនថែមទៀត។

គួររំលឹកផងដែរថា៖ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ គណៈប្រតិភូសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំនៅកម្ពុជា (The Church of Jesus Christ of Latter-day Saints) បានអញ្ជើញបំពេញទស្សនកិច្ចស្រុកកោះធំ តបតាមការអញ្ជើញរបស់លោក ស៊ុន ចាន់ថុល ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់ជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋស្រុក កោះធំ និងស្វែងយល់អំពីការលំបាក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកស្រុកកោះធំនៅតាមមូលដ្ឋានថា តើមានការរីកចម្រើនដល់កម្រិតណា៕SRP