ភ្នំពេញ៖សម្ដេចហ៊ុន សែននាយករដ្ឋមន្ត្រី បានលើកឡើងថា សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ចូលរួមស្រឡាញ់ថែរក្សាការពារព្រៃឈើ នឹងចូលរួមដាំដុះ កូនឈើ ថែរក្សាការពារបរិស្ថានធម្មជាតិ ឲ្យបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លូនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទផង ព្រមទាំងប្រព័ន្ធជីវៈចម្រុះជាច្រើនផងដែលជាសម្បត្តិរបស់មនុស្សជាតិនៅគ្រប់ជំនាន់។
នេះបើយោងតាមសំណេរ របស់សម្ដេចតេជោហ៊ុន សែន ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ។
សម្ដេចហ៊ុន សែន បានសរសេរថា អបអរសាទរបុណ្យ«រុក្ខទិវា» ០៩ កក្កដា ឆ្នាំ២០២១! បុណ្យ«រុក្ខទិវា»ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងអោយប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស៕SRP

