ខេត្តព្រះវិហារ៖មានការលើកឡើងថាភ្នំត្បែងដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌធម្មជាតិ ត្រូវបានរងការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ ពីសំណាក់ក្រុមអ្នកបំផ្លិចបំផ្លាញធនធានធម្មជាតិ ដើម្បីយកឈើប្រណីតទៅលក់ឲ្យមេឈ្មួញ ហើយក៏មិនត្រូវមានចំណាត់ការតាមផ្លូវច្បាប់ពីស្ថាប័នជំនាញនិងអាជ្ញាធរនេះនៅឡើយទេ រហូតមកដល់ពេល។ នេះបើយោងតាមសេចក្តីរាយការណ៍ពីស្រុកសង្គមថ្មីនៃខេត្តព្រះវិហារ។
ជាក់ស្តែងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ គេមានឃើញរថយន្តស៊េរីទំនើបៗ ជាច្រើនគ្រឿងរបស់មេឈ្មួញបានដឹកឈើចេញពីភ្នំត្បែងស្ថិតនៅចំណុច ភូមិសុច និងភូមិតាសែង ឃុំរណ:សិរ្យ ស្រុកសង្គមថ្មី នៃខេត្តព្រះវិហារ។ហើយឈើទាំងនោះរួមមាន៖ ឈើប្រភេទលេខ១សុក្រម និងឈើឈ្លីក ដោយដឹកតាមរថយន្តទំនើបៗ ម៉ាកធុនត្រា ម៉ាកសុីណាម៉ាស្តា រថយន្តហ្វដពណ៌ត្រេអុី យកទៅលក់ឲ្យឈ្មួញនៅខេត្តកំពង់ធំ។
មេឈ្មួញម្នាក់នេះ ជាអ្នកមានលុយនិងមានអំណាចខ្លាំងណាស់នៅខេត្តព្រះវិហារ។នេះបើតាមការលួចបង្ហើបប្រាប់ពីមន្ត្រីដែលមានលក្ខខណ្ឌសូមមិនបញ្ចេញឈ្មោះនៅស្រុកសង្គមថ្មី។ ហើយមេឈ្មួញដុះស្លែម្នាក់នេះ បានកេណ្ឌប្រជាពលរដ្ឋ ឲ្យទៅកាប់ឈើនៅភ្នំត្បែងដើម្បីយកមកលក់ឲ្យខ្លួន។ ហើយឈ្មួញដ៏មានឥទ្ធិពលដដែលម្នាក់នេះ ពុំមែនទើបតែធ្វើសកម្មភាពបំផ្លាញធនធានធម្មជាតិនិងជំនួញឈើប្រណីតនាពេលបច្ចប្បន្ននេះទេ គឺតាំងពីមានរថយន្ត៦គ្រឿងរហូតមានដល់៩គ្រឿង។
ជុំវិញការកាប់បំផ្លាញធនធានធម្មជាតិ និងជំនួញឈើប្រណីតពីសំណាក់មេឈ្មួញដ៏មហិមាម្នាក់នេះ គេមិនទាន់ឃើញមានការពន្យល់ពីលោក មឿង សំផុន នាយកបេតិកភណ្ឌធម្មជាតិភ្នំត្បែងនៅឡើយទេនៅរសៀលថ្ងៃទី៨ ខែកក្កដានេះ។
ចំណែកលោក មាស ញឹម នាយកព្រៃឡង់ភ្នំត្នោតបានបញ្ជាក់ថា៖ លោកមិនដឹងអំពីមេឈ្មួញដឹកឈើនោះទេ ពីព្រោះលោកមមាញឹកនឹងការងារច្រើន។
ដោយឡែកលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានប្រាប់អ្នកសារព័ត៌មានថា ពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញព្រៃឈើ និងជំនួញឈើខាងលើ លោកមិនបានដឹងនៅឡើយទេ ប៉ុន្តែលោកបានបញ្ជាក់ចុងក្រោយបន្តិចថា លោកនឹងទៅសួរនាំកូន-ចៅថ្នាក់ក្រោមសិន។ ចំណែកលោក ជុំ ពុយ អភិបាលស្រុកសង្គមថ្មី និងជាប្រធានគណៈមេបញ្ជាការឯកភាពផងនោះក៏បានបញ្ជាក់ថា ការបំផ្លិចបំផ្លាញធម្មជាតិនៅភ្នំត្បែងនោះ គឺលោកមិនទាន់បានដឹងនៅឡើយទេ។ តែលោកក៏បានអរគុណយ៉ាងជ្រាលជ្រៅចំពោះបង-ប្អូនអ្នកសារព័ត៌មាន ដែលបានផ្តល់ព័ត៌មានជូនលោក។
នៅក្នុងរឿងនេះដែរ គេមិនទាន់ដឹងនៅឡើយទេថាតើថ្នាក់ក្រោមដែលមានជំនាញពាក់ព័ន្ធនឹងអាជ្ញាធរស្រុកបានផ្តល់ដំណឹងនេះជូនទៅលោកអភិបាលខេត្តដែរឬ? ទោះជាយ៉ាងណាសារព័ត៌មាន នៅមិនទាន់សុំការបំភ្លឺពី លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារនៅឡើយទេ នៅរសៀលថ្ងៃទី៨ ខែកក្កដានេះ ជុំវិញនៃការវិនាសធនធានធម្មជាតិនៅភ្នំត្បែង ដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌធម្មជាតិរួចហើយនោះ។
ក្រុមអ្នកស្រឡាញ់ធនធានធម្មជាតិ ស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្ត មេត្តាមានចំណាត់ការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលពាក់ព័ន្ធក្នុងករណីខាងលើផង ពិសេសសូមឲ្យជំនាញពាក់ព័ន្ធ និងអាជ្ញាធរមេត្តាទប់ស្កាត់ និងជួយអភិរក្សនូវភ្នំប្រវត្តិសាស្ត្រដ៏មានតម្លៃមួយនេះឲ្យបានគង់វង្សផង៕SRP

