ខេត្តកំពង់ចាម៖អាជ្ញាធរស្រុកព្រៃឈរ នៅព្រឹកមិញនេះ បានដាក់ឲ្យដំណើរការដេញថ្លៃ សាងសង់ផ្លូវបេតុង ចំនួន៧ខ្សែ។ ការប្រកាសដេញថ្លៃនេះ ជាគម្រោងមូលនិធិឃុំ-សង្កាត់ ឆ្នាំ២០២១ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ លេីការកសាងហេដ្ឋារចនាសម្ពន្ធ័ ក្នុងភូមិសាស្ត្រស្រុកព្រៃឈរ។
លោក លី ប៊ុនអ៊ន អភិបាលរងស្រុកព្រៃឈរ បានធ្វើការណែនាំជំរុញដល់គណៈកម្មការលទ្ធកម្ម និងក្រុមហ៊ុនទទួលការទាំងអស់ ត្រូវអនុវត្តគម្រោងឲ្យមានតម្លាភាព និងធ្វើការសាងសង់សំណង់ឲ្យត្រូវតាមបទដ្ឋានលក្ខណៈបច្ចេកទេស ប្រយោជន៍ដល់ការប្រើប្រាស់បានយូរអង្វែង។
លោក ឡី មិច នាយករងរដ្ឋបាលខេត្ត បានថ្លែងអំណរគុណដល់អាជ្ញាធរស្រុកព្រៃឈរ ដែលបានរៀបចំការដេញថ្លៃនេះ ឲ្យមានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ព្រមទាំងបានសំណូមពរដល់តំណាងក្រុមហ៊ុន ឲ្យគោរពតាមក្រមសីលធម៌របស់អ្នកទទួលការ និងចូលរួមសហការជាមួយអាជ្ញាធរ ដេីម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។
គួរបញ្ជាក់ផងដែរថា ការដាក់ដេញថ្លៃគម្រោងខាងលើនេះ គឺមានផ្លូវបេតុងអាមេ ចំនួន៧គម្រោង ក្នុងនោះមាន
១-ឃុំក្រូច សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៨១ ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិក្រូច។
២-ឃុំតុងរ៉ុង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៩៨ ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិផ្ទះខ្ពស់។
៣-ឃុំថ្មពូន សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៤០០ ម៉ែត្រ ទទឹង ៤ម៉ែត្រ នៅភូមិត្រពាំងបឹង និងភូមិថ្មពូន កណ្តាល។
៤-ឃុំបឹងណាយ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៤៥១ ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិទួលខ្វាវ។
៥-ឃុំព្រៃឈរ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣១៤ ម៉យ ទទឹង៤ម៉ែត្រ នៅភូមិព្រៃឈរ។
៦-ឃុំស្រង៉ែ សាងសង់ផ្លូវបេតុងអាមេប្រវែង ៣០៧ ម៉ែត្រ ទទឹង៥ម៉ែត្រ នៅភូមិត្រពាំងធំ។
៧-ឃុំសំរោង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៩៥ ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិសំរោង៕SRP

