សមត្ថកិច្ចឃាត់គ្រឿងចក្រ៥គ្រឿង របស់ក្រុមហ៊ុន គ្រួសារសុខសាន្ត ឈូសឆាយដីគម្របព្រៃឈើ ជិត៤០ហិកតា

0

ខេត្តកំពង់ធំ៖លោក សាយ វាសនា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ បានដឹកនាំបញ្ជា សមត្ថកិច្ចបង្រ្កាបគ្រឿងចក្រចំនួន៥គ្រឿង របស់ក្រុមហ៊ុន គ្រួសារសុខសាន្ត ដែលកំពុងតែធ្វើសកម្មភាព ឈូសឆាយដីគម្របព្រៃឈើឆ្នាំ២០០២ ដែលជាដីព្រៃអភិរក្សរក្សាទុករបស់រដ្ឋ ដោយយកធ្វើជាកម្មសិទ្ធ។

ការបង្រ្កាបត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថាគ្រឿងចក្រ ទាំង៥គ្រឿង ក្នុងនោះមានអ៊ិចស្កាវទ័រ២គ្រឿង អាប៊ុល២គ្រឿង និងត្រាក់ទ័រមួយគ្រឿង ត្រូវបានកម្លាំងចម្រុះឃាត់បាន យកទៅរក្សាទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើស្ទោងដើម្បីអនុវត្តតាមផ្លូវច្បាប់។

ប្រភពបានទម្លាយថា ក្រុមហ៊ុនបានសុំច្បាប់វិនិយោគត្រឹមតែ ៧០ហិកតា ក្នុងនោះមានដីព្រៃជាប់គម្រប៤០ហិកតា ដីមិនជាប់គម្រប៣០ហិចតា តែជាក់ស្តែងក្រុមហ៊ុនបាន ឈូសឆាយដីព្រៃរបស់រដ្ឋដល់ទៅ ជាង២០០ហិចតាឯណោះ។

លោកស្រី គឹមឡេង ( ហៅចែអូន ) ភេទស្រី រស់នៅស្រុកស្ទោង ដែលជាឈ្មួញដីជាប់លំដាប់ បានឲ្យដឹងតាម ប្រព័ន្ឋតេឡេក្រាមថា ប្រវត្តិដីនេះ លោកស្រីបានទិញក្នុងឆ្នាំ ២០០៧ ហើយមកដល់បច្ចុប្បន្ន បានលក់បន្តឲ្យទៅក្រុមគ្រួសារ សុខសាន្ត តែមិនដឹងថា ក្រុមហ៊ុនរត់ការសុំឈូសឆាយដល់ត្រឹមណានោះទេ លោកស្រីក៏មិនដឹងដែរ។

លោកព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ទទួលបន្ទុកផ្នែកការពារបង្រ្កាបព្រៃឈើ និងនេសាទ បានឆ្លើយបដិសេធ មិនដឹងពីការឈូសឆាយដីរបស់ក្រុមហ៊ុនគ្រួសារ សុខសាសន្តឡើយ។ ចំណែកលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានឲ្យដឹងថា លោកនិងចុះស្រាវជ្រាវឲ្យលម្អិតពី បញ្ហាឈូសឆាយដីព្រៃនេះ៕SRP