ខេត្តកំពង់ឆ្នាំង៖សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានព្រឹទ្ធសភា បានអញ្ជើញប្រកាសចូលកាន់តំណែង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង។
ពិធីប្រកាសធ្វើឡើងនៅព្រឹកមិញនេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងដោយមានការអញ្ជើញចូលរួមពីសម្តេចចៅហ្វាវាំង គង់ សំអុល សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង លោក អ៊ុក រ៉ាប៊ុន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងផងដែរ។
សម្ដេច សាយ ឈុំ បានផ្ដល់អនុសាសន៍ ដល់លោក ស៊ុន សុវណ្ណារិទ្ធិ ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ឆ្នាំង ថ្មីថាៈសូម លោក បន្តវេនដឹកនាំគណបក្សខេត្ត ឱ្យបានល្អ ដោយត្រូវទទួលយកនូវបទពិសោធន៍ និងស្នាដៃល្អៗ របស់លោក ឈួរ ច័ន្ទឌឿន ប្រធានគណបក្សចាស់ ដើម្បីយកទៅអនុវត្តបន្តឱ្យបានជោគជ័យ និងត្រូវប្រតិបត្តិឱ្យបានត្រឹមត្រូវនូវលក្ខន្តិកៈ គោលនយោបាយរាជរដ្ឋាភិបាល ច្បាប់របស់រដ្ឋ និងគោរពឱ្យបានម៉ឺងម៉ាត់ការប្រជុំរបស់ គណៈអចិន្ត្រៃយ៍។
សម្តេច ក៏បានជម្រុញឱ្យប្រធានគណបក្សថ្មី ត្រូវកំណត់របបចុះមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីដោះស្រាយទុក្ខកង្វល់ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងបរិបទកូវីដ-១៩ ក្នុងពេលបច្ចុប្បន្ននេះ ដើម្បីឱ្យប្រជាពលរដ្ឋ មានការជឿជាក់កាន់តែខ្លាំងៗលើគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាពរហូតតទៅ៕SRP

