ភ្នំពេញ៖បុរសឈ្មោះសូ សយ អតីតយុទ្ធជន ពិការជើងឆ្វេង បានចាក់វ៉ាក់សាំងដូសទី៤លាន នឹងទទួលបានថវិកា១០លានរៀល ពីសម្ដេច ហ៊ុន សែន។
តាមរយៈទំព័រផេកហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន នៅរសៀលថ្ងៃនេះបានបង្ហាញថា៖កាលពីថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ ២០២១ យើងចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានដល់ចំនួន៣លាននាក់។ ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២១ នេះយើងចាក់បានជាង៤លាននាក់ក្នុងចំណោមមនុស្ស១០លាននាក់ ដែលត្រូវចាក់ ក្នុងនោះយើងបានរកឃើញមនុស្សដែលទទួលដូសទី៤លាន គឺបានទៅប្អូនប្រុសឈ្មោះសូ សយ អាយុ៦៥ឆ្នាំជាអតីតយុទ្ធជននិងជាយុទ្ធជនពិការជើងឆ្វេងដែលសព្វថ្ងៃរស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុក
បុទុមសាគរ ខេត្តកោះកុង។
សម្ដេច ហ៊ុន សែន បានបន្តថា ខ្ញុំសូមចូលរួមអបអរសាទរ និងសូមជួយឧបត្ថម្ភនូវថវិកាចំនួន១០លានរៀល និងសម្ភារផ្សេងទៀតដូចមនុស្សទី១លាន ទី២លាន និងទី៣លានផងដែរ។ លោកជំទាវឱ វណ្ណឌីន នឹងនាំសម្ភារថវិកា ទៅជូនប្អូន សូ សយ និង
ក្រុមគ្រួសារដោយផ្ទាល់នាថ្ងៃស្អែក។
សូមអរគុណនិងកោតសរសើរចំពោះក្រុមគ្រូពេទ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានខិតខំចាក់វ៉ាក់សាំងជូនប្រជាជនយើង។
សូមអរគុណចំពោះមិត្តចិនដែលបានជួយផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា ដែលធ្វើអោយកម្ពុជាឈានទៅសម្រេចបាននូវការចាក់វ៉ាកសាំង៤០ភាគរយនៃចំនួនដែលត្រូវចាក់។ ប្រសិនបើកុំមានជំនួយឧបត្ថម្ភពីមិត្តចិនទេមកដល់ពេលនេះកុំថាឡើយយើងចាក់បាន៤លាននាក់ សូម្បីតែ២០ម៉ឺននាក់ក៏យើងមិនអាចចាក់បានផង ហើយយើងច្បាស់ជាកំពុងស្ថិតនៅក្នុងវិបត្តិអត់វ៉ាក់សាំងដែលគ្មានច្រកចេញ៕SRP

