ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកចំនួន៤ ចាប់ពីថ្ងៃស្អែក គឺថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ តទៅ ។ ក្នុងនោះ ទី១ ស្រុកកំពង់សៀម ទី២ ស្រុកព្រៃឈរ ទី៣ ស្រុកជើងព្រៃ និងទី៤ ស្រុកបាធាយ។
លោកថ្លែងយ៉ាងដូច្នេះក្នុងឱកាសចូលរួមចែកអំណោយដល់គ្រិស្តបរិស័ទ ចំនួន១០០គ្រួសារ នៅវត្តបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២១នេះ។
អភិបាលខេត្ត បានបញ្ជាក់ថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាអំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ បានដឹកបញ្ជូនមកដល់រដ្ឋបាលខេត្តកំពង់ចាមហើយ។ ដោយ ក្រុមគ្រូពេទ្យ ក៏បានរៀបចំទុកដាក់រួចរាល់ហើយដែរ សម្រាប់ត្រៀមចាក់ជូនប្រជាពលរដ្ឋរបស់យើង។ ដូច្នេះរដ្ឋបាលខេត្ត សូមប្រកាសអញ្ជើញ ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីប្រជុំជន អាជីវករលក់ដូរតាមផ្សារ និងមន្ត្រីរាជការ សូមទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទៅតាមគោលដៅនីមួយៗ ដែលក្រុមគ្រូពេទ្យបានរៀបចំ និងសូមកុំភ្លេចយកអត្តសញ្ញាណប័ណ្ណ សំគាល់ខ្លួនមកផង។
អភិបាលខេត្ត បានរំលឹកផងដែរថា មកដល់ពេលនេះខេត្តកំពង់ចាមមានប្រជាពលរដ្ឋ បានធ្លាក់ទៅក្នុងភាពក្រីក្រក្នុងរង្វង់ ៤៧,០០០ គ្រួសារ ដោយសារតែជួបគេបាត់ជំងឺកូវីដ១៩។ ជាមួយគ្នានេះរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋដែលធ្លាក់ទៅក្នុងភាពក្រ១ ក្រ២ ក្នុងបរិបទជំងឺកូវីដ១៩ ផងដែរ ដែលសរុបទឹកប្រាក់ដល់ពេលនេះសម្រាប់ខេត្តកំពង់ចាម អស់ជាង ២០លានដុល្លារហើយ។
អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ទទាំងអស់ ត្រូវបង្កើនការ ការពារខ្លួន ចៀសអោយផុតពីការឆ្លង ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ” ៣ការពារ និង ៣កុំ ” ពិសេស ការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ , កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល៕SRP

