ភ្នំពេញ៖នគរបាលចំនួន ២ រូបនិងយោធាមួយរូប ត្រូវបានឃាត់ខ្លួន ដោយក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
ការឃាត់ខ្លួននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនៅខេត្តបណ្ឌលគីរី។
សមត្ថកិច្ចបានឲ្យដឹងថា ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមមានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តរុករកវត្ថុតាងរកឃើញគល់ឈើដែលបានកាត់ចំនួន ៧៧គល់ និងរកឃើញឈើស្រឡៅមូលចំនួន ៣ដើម និងឈើអារជ្រុងស្រឡៅ ចំនួន១៣កំណាត់ និងបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ បន្ថែមទៀត បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។
ជនសង្ស័យទាំង៣នាក់១.ឈ្មោះ ព្រំ វណ្ណៈ នាយរងប៉ុស្តិ៍អូរហ៊ុច នគរបាលការពារព្រំដែន។២.ឈ្មោះ ផាត សុខឡេង នាយរងប៉ុស្តិ៍អូរហ៊ុច នគរបាលការពារព្រំដែន។ ៣.ឈ្មោះ អ៊ាង ចាន់ឌី មេបញ្ជាការរង កងអនុសេនាធំទី២ យោធាការពារព្រំដែន។
សូមជម្រាបថាប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះធ្វើឡើងនៅតាមបន្ទាត់ព្រំដែន(អូរហ៊ុច)ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅមុននេះប៉ុន្មានថ្ងៃ
ក្រុមមន្ត្រីចម្រុះក៏បានឃាត់ខ្លួនមនុស្សចំនួន៤នាក់ ដែលសង្ស័យមានការសមគំនិត ឃុបឃិតគ្នា ជាមួយជនជាតិវៀតណាម បើកផ្លូវឲ្យចូលមកកាប់ឈើ ក្នុងតំបន់អូរហ៊ុច ដើម្បីដឹកជញ្ជូនយកទៅ ប្រទេសវៀតណាម។
មន្ត្រីបានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ ជនសង្ស័យទាំង៤នាក់។ទី១ ឈ្មោះ អ៊ុក ណាខៃ មេបញ្ជាការកងអនុសេនាធំការពារព្រំដែនលេខ២,ទី២ ឈ្មោះ ឡឹក ញែក មេបញ្ជាការរង កងអនុសេនាធំការពារព្រំដែនលេខ២ ទទួលទិសអូរហ៊ុច,ទី៣ ឈ្មោះ វ៉ាន់ ចន្ធារី មេបញ្ជាការកងអនុសេនាតូចការពារព្រំដែនលេខ២ ឈរជើងនៅអូហ៊ុច,ទី៤ឈ្មោះ លាង ភារ័ត្ន មេប៉ុស្តិ៍នគរបាលការពារព្រំដែន អូរហ៊ុច និងវត្ថុតាងរួមមាន ឈើមូលប្រភេទស្រឡៅ សុក្រមចំនួន២៥២កំណាត់ ត្រាក់ទ័រ២គ្រឿង ម៉ូតូ២គ្រឿង រណារយន្ត១គ្រឿង បញ្ជូនទៅតុលាការខេត្តមណ្ឌលគិរី ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

