ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានអះអាងថា កម្ពុជានឹងសម្រេចផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។
សម្ដេចតេជោហ៊ុន សែនបានបញ្ជាក់ថា៖
គិតពីថ្ងៃទី១០ ខែកុម្ភៈ២០២១ ដល់ត្រឹមថ្ងៃទី២៥ ខែមិថុនា កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៣.៨លាននាក់ស្មើនឹងជាង ៣៨ភាគរយហើយ។ ក្រៅតែពីរាជធានីភ្នំពេញ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពង្រីកការចាក់វ៉ាក់សាំងទៅកាន់ខេត្តកណ្តាល ព្រះសីហនុ កោះកុង កំពង់ស្ពឺ និងតាកែវផងដែរ។
បើតាមសម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ថា នៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន១លានដូសទៀត ដែលកម្ពុជាបានបញ្ជារទិញពីប្រទេសចិន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ។
ដោយឡែកនៅថ្ងៃទី២៨ ខែមិថុនា ដដែលនេះ វ៉ាក់សាំង ១លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជាផងដែរ។ សរុបទៅត្រឹមខែមិថុនា កម្ពុជាទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនចិន រហូតដល់ទៅ ៥លានដូស ហើយនៅខែកក្កដាខាងមុខ វ៉ាក់សាំងប្រមាណ ៣លានដូសទៀត ក៏នឹងត្រូវដឹកពីប្រទេសចិន មកកាន់កម្ពុជាផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជារូបនេះក៏បានបញ្ជាក់បន្ថែមផងដែរថា វ៉ាក់សាំងបានក្លាយទៅជាវិធានការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងជួយការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។ វត្តមានវ៉ាក់សាំងជាបន្តបន្ទាប់នេះ នឹងជួយឱ្យកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រមាណ ១៣លាននាក់ ឱ្យបានលឿន និងទៅតាមការគ្រោងទុក៕SRP

